អុំស្រី​អាយុ​៧២ឆ្នាំ​ម្នាក់​ដាក់ពាក្យ​ប្តឹង ក្រោយ​ប្អូន​ថ្លៃ​ប្រុង​ធ្វើ​ប្លង់​យកដី​កេរ្តិ៍ឪពុកម្តាយ តែអាជ្ញាធរមិនអើពើ

លោកស្រី ឆេង គឹមស៊ី អាយុ​​៧២ឆ្នាំ រស់​នៅ​ភូមិ​រន្ទះ ឃុំ​ទំរីង ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ កាលពីពេលថ្មីៗនេះ បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​កាន់អាជ្ញាធរ​មូលដ្ឋាន ក្រោយ​ពី​បារម្ភ​ប្អូន​ថ្លៃ​ចង់ធ្វើប្លង់​កម្មសិទ្ធិ​ទៅ​លើ​ដីកេរ្តិ៍​ក្រុម​គ្រួសារខ្លួន​នៅ​ភូមិ​ស្លាប​ក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។

លោកស្រី គឹមស៊ី បាន​បញ្ជាក់ថា ដីដែលមានទំហំ​ប្រមាណ ៣៥ម៉ែត្រ ស្ថិត​នៅ​ភូមិ​ស្លាប​ក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ គឺជា​កេរ្តិ៍​របស់​ឪពុកម្តាយ​លោកស្រី តែ​បច្ចុប្បន្ន​កំពុង​កាន់កាប់ដោយ​ប្អូនថ្លៃឈ្មោះ សុខ សុភា ខណៈ​ប្អូន​ស្រី​របស់​គាត់​ដែលជា​ប្រពន្ធឈ្មោះ សុខ សុភា បាន​ស្លាប់​កាលពីឆ្នាំ​២០១៣ ហើយ​បច្ចុប្បន្ន​ឈ្មោះ សុខ សុភា នេះ​បាន​រៀបការ​ប្រពន្ធថ្មីហើយ។

ក្នុង​នោះ​លោកស្រី គឹមស៊ី បាន​សម្តែង​ក្តី​បារម្ភ ខ្លាច​ប្អូន​ថ្លៃរូបនេះ​ធ្វើ​ប្លង់​កម្មសិទ្ធិ ទើប​លោកស្រី​ដាក់ពាក្យ​ប្តឹង​ជំទាស់​ទៅ​កាន់អាជ្ញាធរ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​បដិសេធ​មិន​ទទួល ដោយ​លោកស្រី​សង្ស័យ​ថា អាច​មាន​ការ​ឃុប​ឃិត​គ្នា។

យ៉ាងណាក៏ដោយ ចំពោះ​ករណីនេះ បើ​តាម​ការ​លើក​ឡើង​របស់ឈ្មោះ សុខ សុភា ដែលជា​ប្អូនថ្លៃលោកស្រី ឆេង គឹមស៊ី បាន​ឲ្យដឹងថា លោកព្រមបែងចែង​ដី​ដែល​កំពុង​កាន់កាប់៣៥ម៉ែត្រ​នេះ ចំនួន​១៥ម៉ែត្រ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​មាន​ការ​ឯកភាពពី​សាច់ថ្លៃម្នាក់ទៀត​ឈ្មោះ ឆេង ថូញាន ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​ប្រទេស​បារាំង និង​មិន​មានទំនាក់ទំនង​រយៈ​ព្រមាណ​១ឆ្នាំ​ហើយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close