ភាជន៍បុរាណក្នុងស.វទី១១ ត្រូវពលរដ្ឋប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
ប្រជាពលរដ្ឋរស់នៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី បានយកភាជន៍បុរាណ ដែលប្រទះឃើញក្នុងច្បារដំលូងខ្លួនក្បែរភូមិមកប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីថែរក្សាទុក។ ភាជន៍នេះ មានស្រទាប់រលោងពណ៌ត្នោត ត្រូវបានដឹងថាផលិតឡើងក្នុងស.វទី១១ដល់ទី១៣នៃគ.ស។ សភាពភាជន៍នេះពេលជីកបាន គឺបែកមាត់លើស្រាប់ និងបែកខ្លួនបន្តិចដោយសារការជីកដីប៉ះដោយអចេតនា។
យុវជន ប៉ឹម ជាតិ ដែលមានទីលំនៅភូមិថ្នល់ទទឹង បានឲ្យដឹងថា ក្រឡភាជន៍បុរាណនេះខ្លួនបានប្រទះឃើញកាលពីដើមខែមករា នៅដីចម្ការដំលូង ពេលទៅកាប់ដីបានជម្រៅដីប្រហែលមួយតឹក ដែលនៅឆ្ងាយពីភូមិប្រមាណមួយគីឡូម៉ែត្រ។
យុវជនខាងលើបន្ថែមថា ភ្លាមៗក្រោយប្រទះឃើញនៅថ្ងៃទី៣ ខែមករា ខ្លួនបានយកភាជន៍ទៅរក្សាទុកនៅផ្ទះ តែក្រោយមកដោយសារមានគំនិតថែរក្សានិងការបារម្ភពីសុវត្ថិភាពផង ខ្លួនក៏សម្រេចយកភាជន៍ដែលឃើញនេះមកប្រគល់ឱ្យសារមន្ទីរ តាមការណែនាំពីមគ្គុទ្ទេសក៍ភាសាបារាំងម្នាក់ ព្រោះគិតថាក្នុងសារមន្ទីរមានសុវត្ថិភាពខ្ពស់។ ជាងនេះទៅទៀតនោះ ក្នុងសារមន្ទីរជាទីដែលសាធារណជនគ្រប់ជាតិសាសន៍ចូលមកទស្សនា ហើយវាស្របតាមគំនិតរបស់យុវជន ជាតិ ដែលចង់បង្ហាញវត្ថុបុរាណដែលរកឃើញឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់។
អគ្គនាយិកាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កញ្ញា ឆោម គន្ធា បានឱ្យដឹងថា នេះជាលើកទី៥ហើយ ដែលប្រជាពលរដ្ឋរស់នៅក្នុងរមណីយដ្ឋានអង្គរ បានយកវត្ថុបុរាណដែលប្រទះឃើញ យកមកប្រគល់ជូនសារមន្ទីរដើម្បីធ្វើការអភិរក្ស ក៏ដូចជាតាំងបង្ហាញក្នុងសារមន្ទីរ។ កញ្ញាក៏បានកោតសរសើរដល់ស្មារតីប្រជាពលរដ្ឋ ដែលបានយល់ពីតម្លៃនៃសម្បត្តិបេតិកភណ្ឌជាតិ បំណងថែរក្សាវត្ថុទាំងនោះ ជាប្រយោជន៍សម្រាប់កូនចៅតទៅជំនាន់ក្រោយៗ ឱ្យបានសិក្សានិងស្វែងយល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។