រដ្ឋបាលខេត្តសៀមរាប ប្រាប់​ពលរដ្ឋ​កុំ​ចលាចល នាំ​ឲ្យ​ជន​ឱកាសនិយម​តម្លើងថ្លៃទំនិញ

ខណៈ​ដែល​ជំងឺរលាកសួតប្រភេទថ្មី (Covid-19) កំពុង​តែ​រីករាលដាល​នៅ​តាម​បណ្តា​ប្រទេស​នានា ដោយ​ក្នុង​នោះ​ក៏​មាន​ក្រុង​សៀមរាប​ដែរ​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​សហគ្រាស ឱសថស្ថាន និង​ម្ចាស់​ហាង​ទំនិញ​មួយ​ចំនួន បាន​ឆ្លៀត​ឱកាស​លក់​តម្លើង​ថ្លៃ​ទំនិញ គ្រឿង​បរិភោគ និង​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​មួយ​ចំនួនដូចជា ម៉ាស់ អាកុល និង​សម្ភារៈផ្សេងៗ។

ដើម្បីទប់ស្កាត់​ករណីនេះ រដ្ឋបាល​ខេត្ត​សៀមរាប បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​សាធារណជន ត្រូវ​រក្សា​នូវ​ភាព​ហ្នឹងនរ កុំ​មាន​ការ​ចលាចល ដែល​នាំ​ឲ្យ​ជន​ឱកាសនិយម​អាច​ឆ្លៀត​យក​ចំណេញ​តាម​រយៈ​ការតម្លើងថ្លៃទំនិញ និង​សម្ភារៈផ្សេងៗ ដោយ​មិន​សម​ហេតុសមផល។

ជាមួយ​គ្នា រដ្ឋបាល​ខេត្ត​សៀមរាប ក៏​សូម​ឲ្យ​ម្ចាស់​ក្រុមហ៊ុន សហគ្រាស ឱសថស្ថានគ្រប់ប្រភេទ ម្ចាស់​ហាង​ទំនិញ​ទូទៅ ត្រូវ​ប្រកាន់​នូវ​ស្មារតី​សាមគ្គី​ជាតិខ្មែរ កុំ​ឆ្លៀតឱកាសលក់​ដំឡើង​ថ្លៃ​ទំនិញ ម៉ាស់ អាកុល និង​សម្ភារៈ​ផ្សេងៗ​ស្រេច​តែ​អំពើចិត្ត ហើយថា ក្នុង​ករណី​រកឃើញ​ភាព​មិន​ប្រក្រតី អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close