ឆ្នាំ២០១៧ កម្ពុជាបណ្តេញជនបរទេសជិត២ពាន់នាក់
ប្រធានអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងនៅក្នុងមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួននាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ថា កាលពីឆ្នាំ២០១៧ កន្លងទៅ បានឃាត់ខ្លួន និងបណ្ដេញជនបរទេស ជិត២ពាន់នាក់ពីកម្ពុជា ។
នាយឧត្តមសេនីយ៍ សុខ ផល បានថ្លែងថា ឆ្នាំ២០១៧ អគ្គនាយកដ្ឋាន បានឃាត់ខ្លួន និងបណ្ដេញចេញជនបរទេសខុសច្បាប់ សរុប ១,៨៨៥នាក់ មាន៤៧សញ្ជាតិ ក្នុងនោះជនជាតិវៀតណាម៩១៧នាក់ , ចិន៥៩៨នាក់, នីហ្សេរីយ៉ា១៥៥នាក់, ឥណ្ឌា៣១នាក់, តៃវ៉ាន៣១នាក់, កូរ៉េខាងត្បូង១៥នាក់, អង់គ្លេស១៤នាក់, អាមេរិក១៣នាក់, ហ្វីលីពីន១២នាក់។
ជាមួយគ្នានាយឧត្តមសេនីយ៍រូបនេះ ក៍បានឲ្យដឹងផងដែរថា ដោយអនុវត្តតាមអនុស្សារណៈរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក ស្ដីពីការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ពីសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៧ បានទទួលពលរដ្ឋខ្មែរធ្វើមាតុភូមិនិវត្តន៍ចំនួន ០៤លើក មានមនុស្ស២៨នាក់ ។លោកថា បើសរុបមកដល់ពេលនេះ ពលរដ្ឋខ្មែរដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសផ្សេងៗ មានចំនួន២៣០លើកហើយ និងមានមនុស្ស៥៧២នាក់ ក្នុងនោះស្រី១៤នាក់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។