វិធានការខ្វះទឹក សាលា​រាជធានីភ្នំពេញ​នឹងប្រើ​រថយន្ត​ដឹកទឹកចែកជូន​ប្រជាពលរដ្ឋ​នៅ​តំបន់ជាយក្រុង

រដ្ឋបាល​រាជធានីភ្នំពេញ​បាន​សម្រេច​ថា នឹង​ប្រើប្រាស់​រថយន្ត​ដឹកទឹកចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់ជាយ​ក្រុង​ ខណៈ​ពេល​ដែល​បណ្តា​ខណ្ឌមួយ​ចំនួន​នៅ​ជាយក្រុង​កំពុង​ជួប​នឹង​បញ្ហា​កង្វះទឹក ពិសេស​នៅ​ក្នុង​រដូវប្រាំងនេះ។

ក្នុង​កិច្ច​ប្រជុំ​ជាមួយ​មន្រ្តីពាក់ព័ន្ធកាលពី​ថ្ងៃទី១៣ មីនា ម្សិលមិញ លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ បានមានប្រសាសន៍ថា អាជ្ញាធររាជធានីភ្នំពេញ និងប្រើប្រាស់រថយន្ត ដឹកទឹកដើម្បីដឹកជូនប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជាយក្រុង បើនៅតែមិនគ្រប់នឹងប្រើ រថយន្តអគ្គិភ័យ ដើម្បីដឹកទឹកបម្រើជូនប្រជាពលរដ្ឋបន្ថែមទៀត។

ជាមួយគ្នា​នេះ លោក​ក៏បានជំរុញឲ្យ​អាជ្ញាធរខណ្ឌទាំង ១៤ពិសេស ខណ្ឌនៅតាមជាយក្រុងត្រូវតែ ផ្ដល់ព័ត៌មានឲ្យ​បានជ្រាបអំពីបញ្ហាកង្វះទឹកនេះទៅដល់ប្រជាពលរដ្ឋម្យ៉ាងទៀតយើង ត្រូវរួមគ្នាដោះស្រាយចំពោះបញ្ហានេះ ដើម្បីផ្គត់ផ្គង់ធ្វើយ៉ាងណាឲ្យ​ប្រជាពលរដ្ឋបានប្រើប្រាស់ និងជំរុញឲ្យ​ការថែរក្សាស្រះទឹកក្នុងភូមិ ដើម្បីដោះស្រាយទឹកមួយចំណែកលើ ការលាង ការស្រោច និងការបោកគក់ជាដើម។

លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញបានឲ្យ​ដឹងថា តម្រូវការប្រើទឹកជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ត្រូវការប្រើប្រាស់ច្រើន និងម្យ៉ាងទៀតដោយសារកម្ពស់ទឹកទន្លេទាបវាបានធ្វើឲ្យដំណើរការបូមទឹកខ្សោយ ហើយការចែកចាយទឹកជូនទៅប្រជាពលរដ្ឋក៏រឹតតែខ្សោយដែរ ហើយស្ថានភាពផ្គត់ផ្គង់ទឹកស្អាតមិនត្រឹមតែខ្វះនៅពេលនេះទេ គឺបន្តខ្វះឲ្យ​តែនៅរដូវប្រាំង រហូតដល់ឆ្នាំ២០២២។

យ៉ាងណាក៏ដោយ ដើម្បីកាត់បន្ថយនៃកង្វះទឹកប្រើប្រាស់នេះ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញនៅក្នុងឆ្នាំ២០១៩នេះ បានចុះហត្ថលេខាដើម្បី សាងសង់រោងចក្រផលិតទឹក ស្អាតមួយដែលមានសមត្ថភាពផលិតទឹកបានប្រ មាណ៤០ ម៉ែត្រគុបក្នុងមួយថ្ងៃ ដោយប្រើប្រាស់រយៈពេលនៃការសាងសង់ចំនួន៣ឆ្នាំ៩ខែហើយ ក្រោយពីរោងចក្រនេះស្ថាបនារួចរាល់នឹងអាចកាត់ បន្ថយនៃការខ្វះទឹកនេះបាន មួយកម្រិតទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close