សមយុទ្ធនាគ​មាស​២០២០ រវាង​កង​ទ័ព​កម្ពុជា និង​ចិន ចាប់​ផ្តើម​ធ្វើ​តាម​ការ​គ្រោងទុក

(កំពត)៖ សមយុទ្ធ នាគមាស​ឆ្នាំ​២០២០ រវាង​កង​ទ័ព​កម្ពុជា និង​កង​ទ័ព​ចិន បាន​ប្រកាស​បើក​ហើយ​កាលពីព្រឹកមិញ​នេះ ដោយ​មាន លោក​នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោក វ៉ាង វិន ធៀន (Wang Wen Tian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ជាគណៈអធិបតី​បើក នៅនៅទីលានបាញ់គ្រាប់ពិត តេជោសែនជុំគីរី របស់កងពលតូចថ្មើរ ជើងលេខ៧០ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។

បើតាមសេចក្តីរាយការណ៍របស់ប្រធានក្រុមការងារដឹកនាំធ្វើសមយុទ្ធប្រទេសទាំងពីរ បានឲ្យ​ដឹងថា សមយុទ្ធឆ្នាំនេះ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីកងទ័ពកម្ពុជា-ចិន សរុបជាង៣ពាន់នាក់ អមដោយអាវុធយុទ្ធភណ្ឌធន់ធ្ងន់ រថក្រោះរថពាសដែក ឧត្ថម្ភាកចក្រ រួមជាមួយនឹងកាំភ្លើងស្វយប្រវត្តិ ឧបករណ៍សម្រាប់ស៊ើបការណ៍, ឧបករណ៍សម្រាប់ដោះមីន, និងឧបករណ៍សម្រាប់បន្សាបសារធាតុគីមីជាច្រើនទៀត។ អ្វីជាការកត់សំគាល់ សមយុទ្ធកម្ពុជា-ចិន ឆ្នាំ២០២០ បានធ្វើឡើងក្នុងទ្រង់ទ្រាយធំជាងបណ្ដាឆ្នាំមុនៗ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និង ការងារមនុស្សធម៌»។

លោក វ៉ាង វិន ធៀន ឯកអគ្គរដ្ឋទូតចិន បានចាត់ទុកលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០២០នេះ គឺជាយុទ្ធការជាក់ស្តែងមួយក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំកងទ័ពប្រទេសទាំងពីរ ក្នុងការជំរុញឲ្យ​កាន់តែស៊ីជម្រៅថែមទៀតនៃកិច្ចសហប្រតិបត្តិការលើវិស័យយោធា និងចូលរួមជំរុញលើកម្ពស់សមត្ថភាពនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខបន្ថែមទៀត។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលកងយោធពលខេមរភូមិន្ទ និង កងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធរួមគ្នា ដែលសមយុទ្ធនីមួយៗសុទ្ធតែបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ ការលើកកម្ពស់ចំណងសាមគ្គីភាព ក៏ដូចជាការបណ្តុះបណ្តាលចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ ជាពិសេសការធ្វើឲ្យ​ប្រសើរឡើង នូវសមត្ថភាពកងទ័ពប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការ ការចេះសម្របសម្រួលរស់នៅ និងចេះធ្វើការរួមជាមួយជាតិសាសន៍ជាច្រើនទៀត។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា សមយុទ្ធក៏មិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ផ្ទុយទៅវិញគឺជាការប្រយុទ្ធប្រឆាំងភេរវកម្ម ដែលជាភារកិច្ចរួម ហើយដែលបណ្ដាប្រទេសនៅលើសកលលោក ត្រូវរួមគ្នាសហការទប់ស្កាត់ ឱ្យបានទាន់ពេលវេលា ដើម្បីថែរក្សាសុខសុវត្តិភាពក្នុងតំបន់ និងក្នុងក្របខណ្ឌពិភពលោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close