រាជរដ្ឋាភិបាលបញ្ឈប់មិនឲ្យក្រុមហ៊ុន ឌួង ស្រួច និងក្រុមហ៊ុនមួយចំនួនទៀត ប្រមូលផលព្រៃឈើក្នុងតំបន់គម្រោងសម្បទានដីសង្គមកិច្ច
រាជរដ្ឋាភិបាលកម្ពុជា កាលពីបថ្ងៃទី២៦ កុម្ភៈ ម្សិលមិញ បានចេញលិខិតមួយ ដោយសម្រេចជាគោលការក្នុងការបញ្ឈប់ការអនុញ្ញាតមិនឲ្យក្រុមហ៊ុន ឌួង ស្រួច គ្រុប ឬក្រុមហ៊ុនឯកជនណាមួយ ប្រមូលផល-អនុផលព្រៃឈើ នៅក្នុងតំបន់គម្រោងសម្បទានដីសង្គមកិច្ចទាំងអស់តទៅទៀតឡើយ ។
ឯកឧត្តម ប៊ុន អ៊ុយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងនៅក្នុងលិខិតនោះថា រាជរដ្ឋាភិបាលបានយល់ព្រមតាមសំណើរបស់ក្រសួងបរិស្ថាន មិនអនុញ្ញាតឲ្យក្រុមហ៊ុន ឌួង ស្រួច គ្រុប ឬក្រុមហ៊ុនផ្សេងទៀត ធ្វើអាជីវកម្មប្រមូលផល-អនុផលព្រៃឈើលើដី ដែលរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យធ្វើអនុបយោគ ជាដីឯកជនរបស់រដ្ឋ សម្រាប់ផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋកន្លងមក ឬធ្វើអាជីវកម្មប្រមូលផល-អនុផលព្រៃឈើ នៅក្នុងទីតាំងគម្រោងដីសម្បទានសង្គមកិច្ចទាំងអស់ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨កន្លងទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ធ្លាប់បានចេញលិខិតឲ្យបញ្ឈប់សកម្មភាពប្រមូលផល អនុផលព្រៃឈើរបស់ក្រុមហ៊ុន ឌួង ស្រួច គ្រុប ដែលមានសិទ្ធិប្រមូលផល អនុផលព្រៃឈើ ក្នុងដីសម្បទានសង្គមកិច្ច ក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានទំហំ១,៥៤៤ហិកតា នោះដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។