ក្រសួងសុខាភិបាលប្រកាសថា រកឃើញ Covid-19 ៤ករណីថ្មីទៀតនៅកម្ពុជា
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតមកត្រឹមវេលាម៉ោង៩យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្រសួងបានរកឃើញវិជ្ជមានវីរុស Covid-19 ៤ករណីថ្មីទៀត ដោយក្នុងនោះរកឃើញលើជនជាតិខ្មែរឥស្លាម ២នាក់នៅខេត្តព្រះវិហារ បុរសជនជាតិខ្មែរមកពីប្រទេសបារាំង និងកូនរបស់ជនជាតិបារាំងអាយុ៣៥ឆ្នាំ។
ការបន្ថែមករណីថ្មី៤ទៀតនេះ បានធ្វើឲ្យប្រទេសកម្ពុជាមានករណីវីរុស Covid-19 សរុបចំនួន ១២ករណី ក្នុងនោះ ១១ករណីនាំចូលពីប្រទេសក្រៅ និង១ករណី ប៉ះផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន។
សម្រាប់ករណីរកឃើញ៤ចុងក្រោយនេះ បើតាមការបញ្ជាក់របស់ក្រសួងថា ករណីកូនរបស់បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ ដែលគាត់ត្រូវបានរកឃើញវិជ្ជមាន Covid-19នោះ គឺកូននោះមានអាយុ៤ខែ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ ហើយពេលនេះ ក្រសួងបានរៀបចំយកទៅដាក់ព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។
ចំណែកបុរសជនជាតិខ្មែរ ០១ នាក់ ក្រោយពីវិលត្រឡប់មកពីប្រទេសបារាំងវិញ មានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ ដែលតម្រូវឲ្យនៅព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ដោយឡែកខ្មែរឥស្លាមចំនួន២នាក់នៅខេត្តព្រះវិហារ (អាយុ៣៥ឆ្នាំម្នាក់ និង៣៩ឆ្នាំម្នាក់) ក៏រកឃើញវិជ្ជមានវីរុសកូវីដ១៩ដែរ ក្រោយកាលពីថ្ងៃទី២៩ ខែកុម្ភៈ ពួកគេចំនួន១០នាក់ បានទៅចូលរួមពិធីសាសនានៅជិតទីក្រុងកូឡាឡាំពួរ ហើយថ្ងៃទី៣ ខែមីនា បានវិលត្រឡប់មកកាន់ខេត្តព្រះវិហារវិញ។ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ មានការផ្តល់ព័ត៌មានមកថា អ្នកចូលរួមនៅក្នុងពិធីនោះនៅប្រទេសម៉ាឡេស៊ី មានអ្នកវិជ្ជមានវីរុសកូវីដ១៩។ បន្ទាប់មកមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានស្រាវជ្រាវឃើញបុគ្គលដែលវិលត្រឡប់មកវិញទាំង១០នាក់នោះ ហើយបានយកសំណាកវត្ថុវិភាគ ហើយជាលទ្ធផលពីវិទ្យាស្ថានប៉ាស្ព័រកម្ពុជាបានបង្ហាញថា ក្នុងចំណោមនោះ មានពីរនាក់វិជ្ជមានវីរុសកូវីដ១៩។ បច្ចុប្បន្នអ្នកដែលវិជ្ជមានវីរុសកូវីដ១៩ទាំងពីរនាក់ ក្រុមគ្រូពេទ្យកំពុងចាត់រៀបចំយកមកដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះវិហារ រីឯអ្នក៨នាក់អវិជ្ជមានកូវីដ១៩នោះ ត្រូវដាក់ឲ្យនៅតាមដានសុខភាពផ្ទាល់ខ្លួនចំនួន១៤ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។