ក្រុមហ៊ុនទឹកស្អាតមួយមកពីប្រទេសម៉ាឡេស៊ី គ្រោងបើកអាជីវកម្មនៅកម្ពុជា
ក្រុមហ៊ុនមកពីប្រទេសម៉ាឡេស៊ីមួយ បានសម្តែងបំណងចង់ធ្វើអាជីវកម្មទឹកស្អាតនៅក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម កាលពីថ្ងៃម្សិលមិញលោក Andrew cheah ប្រធានក្រុមហ៊ុន Isza-Soliad Watermech JV មកពីប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកមានបំណង នាំចូលនូវប្រព័ន្ធចម្រោះទឹកខ្នាតតូច ដែលមានសមត្ថភាពចម្រោះទឹកដែលបូមពីក្រោមដីឲ្យស្អាតប្រមាណ ៥ ម៉ែត្រត្រីគុណក្នុងមួយម៉ោង សម្រាប់លក់ឲ្យប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ឬតំបន់ខ្វះខាតទឹក ក្នុងតម្លៃមួយថោក។
ជាមួយគ្នានេះ ក្រុមហ៊ុនលោកក៏មានបំណងវិនិយោគលើការយកខ្សាច់ទន្លេទៅលាងសម្អាត តាមលក្ខណៈបច្ចេកទេស សម្រាប់ផ្គត់ផ្គង់ឲ្យរោងចក្រផលិតទឹកស្អាតរដ្ឋ និងឯកជននៅកម្ពុជាផងដែរ។ មួយវិញទៀត ក្រុមហ៊ុនក៏មានជំនាញផ្នែកធ្វើអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចេញពីរោងចក្រថែមទៀត។
ឯកឧត្តម ចម ប្រសិទ្ធ បានជំរុញឲ្យមានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាឲ្យបានឆាប់ ពីព្រោះរដ្ឋ ឬ វិស័យឯកជន មិនទាន់មានលទ្ធភាពតបណ្ដាញទឹកស្អាត បំពង់ដល់ផ្ទះប្រជាពលរដ្ឋ ជាពិសេសតំបន់មាត់សមុទ្រ និងតំបន់ដាច់ស្រយាល។ ការប្រើប្រាស់ប្រព័ន្ធចម្រោះទឹកខ្នាតតូចនេះ មានសារៈសំខាន់ ដើម្បីឲ្យប្រជាពលរដ្ឋបានទទួលទឹកស្អាតប្រើប្រាស់ក្នុងកម្រិតអតិបរមា កាត់បន្ថយការប្រើប្រាស់ទឹក មិនស្អាតដែលនាំឲ្យកើតនូវជំងឺដង្កាត់ផ្សេងៗ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឲ្យតំណាងក្រុមហ៊ុនពិនិត្យលទ្ធភាព បង្កើតរោងចក្រផលិតឧបករណ៍នេះ នៅកម្ពុជាតែម្តង ដើម្បីកាត់បន្ថយការចំណាយការដឹកជញ្ជូន និងជួយទីផ្សារការងារនៅកម្ពុជាផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។