កម្ពុជា​ប្រកាស​ពី​ការ​រកឃើញ​ករណី​កូវីដ​១៩ ចំនួន ១២ករណី​ថ្មី​បន្ថែមទៀត ហើយសណ្ឋាគារ Great Duke នឹងត្រូវ​ប្រើប្រាស់​ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល

នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២០ ក្រសួង​សុខាភិបាល​កម្ពុជា បាន​ប្រកាសថា ខ្លួនបាន​រកឃើញ​វិជ្ជមានជំងឺកូវីដ១៩ ទៅ​លើមនុស្ស​១២នាក់បន្ថែមទៀត​​ ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​​ករណីកូវីដសរុបចំនួន ២៤ករណីហើយ។

តាមការ​បញ្ជាក់របស់​ក្រសួងសុខាភិបាល ករណីកូវីដ១២ករណីថ្មីនេះ គឺ ២ករណី​នៅ​ខេត្តបន្ទាយមានជ័យ កើត​ទៅ​លើ​ជនជាតិ​ខ្មែរ​ឥស្លាម និងបុរស​ជនជាតិ​ខ្មែរ​ត្រឡប់មក​ពី​ប្រទេស​ថៃ, រាជធានីភ្នំពេញ២ករណី កើត​ទៅ​បុរស​ខ្មែរ​ឥស្លាមនៅព្រែកប្រា, ខេត្ត​កំពង់ឆ្នាំង២ករណី​ កើត​ទៅ​បុរស​ខ្មែរ​ឥស្លាម២នាក់, បាត់ដំបង ៤ករណី កើត​ទៅ​លើ​បុរស​ខ្មែរ​ឥស្លាម, ខេត្ត​កំពត ១ករណី កើត​ទៅ​លើ​បុរស​ខ្មែរ​ឥស្លាម និង ខេត្ត​ត្បូង​ឃ្មុំ ១ករណី កើត​ទៅ​លើបុរស​ខ្មែរ​ឥស្លាម។

បុរស​ជនជាតិ​ខ្មែរ​ឥស្លាម​ទាំង​១១នាក់ខាងលើ គឺអ្នក​ក្នុង​ចំណោម​អ្នក​ដែល​បាន​វិល​ត្រឡប់​មក​ពី​ការ​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​ចំនួន ៧៩នាក់។

យ៉ាងណាក៏ដោយ ចំពោះ​មុខ​ស្ថានភាពនេះ ក្រសួង​សុខាភិបាលបាន​សម្រេច​ប្រើប្រាស់​សណ្ឋាគារ Great DUKE (អតីត​សណ្ឋាការ​អាំងទែ​កុង​ទីណង់តាល់) ជា​មន្ទីរពេទ្យ​សម្រាប់​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺកូវីដ​១៩។ ហើយ​ជាមួយ​គ្នានេះ ក្រសួង​ក៏ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​រក្សា​ភាព​នឹងនរ​ក្នុង​ចិត្ត ដោយ​កុំ​មាន​ការ​ភ័យ​ខ្លាច ហើយ​ជឿទុក​ចិត្ត​លើ​វិធានការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ របស់​រាជរដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close