សម្តេចតេជោចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសតាមរយៈប្រព័ន្ធវីដេអូ ស្តីពីកូវីដ១៩
នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ មេដឹកនាំប្រទេសអាស៊ានទាំងអស់ បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Confe rence)។
សម្រាប់ប្រទេសកម្ពុជា កិច្ចប្រជុំនេះមានការចូលរួមពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដោយមន្រ្តីជាន់ខ្ពស់មួយចំនួនដូចជា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេ ស និងសហប្រតិបត្តិការអន្តរជាតិ, លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ, លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។
ក្នុងកិច្ចប្រជុំនៅព្រឹកមិញនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញថ្លែងសុន្ទរកថាដ៏មានអត្ថន័យ ពីផលប៉ះពាល់នៃកូវីដ-១៩ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃកូវីដ-១៩ ទៅលើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសង្គម ជារួម ដែលទាមទារកិច្ចប្រឹងប្រែងរួមគ្នា ជាអន្តរជាតិ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការគំរាម កំហែងនៃកូវីដ-១៩នេះ។
បើតាមការលើកឡើងរបស់ក្រសួងការបរទេសកម្ពុជាថា កិច្ចប្រជុំកំពូលពិសេសទាំងពីរនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីការរួបរួមរបស់អាស៊ានតាមរយៈសកម្មភាពរួមនៃការជួយគ្នាទៅវិញទៅមក ការលើកកម្ពស់ការឆ្លើយតបដោយធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៅក្នុងការគ្រប់គ្រងជំងឺ និងការពង្រឹងភាពរឹងមាំរបស់តំបន់ ស្របពេលជាមួយការត្រៀមលក្ខណៈរួចជាស្រេចក្នុងការរិះរកកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅរបស់អាស៊ាន និងសហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់ការត្រៀមខ្លួនជាស្រេច និងវិធានការឆ្លើយតប ដើម្បីកាត់បន្ថយ និងលុបបំបាត់ផលប៉ះពាល់ដោយសារកូវីដ-១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។