សំណុំរឿង​ហិង្សារវាងអតីតមន្រ្តីបរិស្ថាន និងប្រធានសហគមន៍បឹងពារាំង តុលាការគ្រោង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី១៧ មិថុនា

ទីបំផុតទៅ​សំណុំ​រឿងហិង្សារវាង​អតីត​មន្រ្តីបរិស្ថាន​ខេត្ត​សៀមរាប និង​ប្រធាន​សហគមន៍​បឹងពារាំង កាលពីដើមឆ្នាំ​២០១៩ បានឈាន​ដល់​តុលាការ​បើក​សវនាការហើយ ដោយ​បានធ្វើ​ឡើង​ពេញ​មួយ​ព្រឹក​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ​២០២០ ប៉ុន្តែ​សាលក្រម​តុលាការ​នឹង​ធ្វើ​ការ​ប្រកាស​នៅ​ថ្ងៃទី១៧ មិថុនា ខាងមុខ។

លោក ស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ដើមបណ្តឹងក្នុង​សំណុំរឿងនេះ​បាន​ថ្លែងថា អង្គសវនាការបានចប់ហើយ តុលាការនឹងប្រកាសសាល ក្រមនៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០ខាងមុខនេះ។

លោកបន្តថា ក្នុងបណ្តឹង រូបលោកបានប្តឹងពីបទ (ឃាតកម្មដោយគុំនុំ គិតទុកជាមុន) ប៉ុន្តែ តុលាការបានចោទប្រកាន់ពីបទ(ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ។ មាត្រា២១៨នៃក្រមព្រហ្មទណ្ឌនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ តែតុលាការបែជាមិនចាប់ក្រុមជនដៃដល់ផ្តន្ទាទោសនោះទេ។ ផ្ទុយទៅវិញ បែជាផ្តល់សិទ្ធិក្នុងការឆ្លើយដោះបន្ទុកថែមទៀត។

លោក ពិសិដ្ឋ បានបន្ថែមថា មិនចំពោះថាយ៉ាងណានោះទេ នៅថ្ងៃទី១៧ខែមិថុនាខាងមុខនេះ ប្រសិនបើសាល ក្រមចូលជាស្ថាពរ ដែលបានប្រកាសនោះ វាសាកសមអោយរូបលោកទទួលយកបាន លោកនឹងទទួលយក តែបើមិនអាចទទួលយកបាន(អយុត្តិធម៌)លោកនិងបន្តប្តឹងទៅសាលាឧទ្ធណ៍បន្តទៀត។

ដើមបណ្តឹងរូបនេះបញ្ជាក់ថា នៅតុលាការខេត្តសៀមរាបគឺប្តឹងទាមទារសំណង ១.២០០.០០០ដុល្លារតែបើបន្តប្តឹងទៅឧទ្ធណ៍ទៀត ត្រូវគិតរយ:ពេល។ក្នុង ១ខែទាមទារ២០.០០០ដុល្លារបន្ថែម គិតចាប់ពីថ្ងៃប្តឹង ចឹងទេបើមានរយ:ពេល១ឆ្នាំទើបចប់២០.០០០ដុល្លារគុណ១២ខែ។ ត្បិតពួកគេ(ក្រុមលោក គង់ មង្គល ) ព្រួតគ្នាវ៉ៃមកលើរូបលោកយ៉ាងព្រៃផ្សៃ កាលពីម៉ោង ជាង ៧យប់ ថ្ងៃទី២៦ខែមករាឆ្នាំ២០១៩ កន្លងទៅ ក្នុងខណ:ដែលរូបលោកចុះទៅថតរូបភាពបទល្មើសនៅតំបន់បឹងពារាំង។

ដោយឡែកលោក គង់ មង្គល ប្រធានសហគមន៍បឹងពារាំង ដែលរងការចោទប្រកាន់ក្នុងអំពើហិង្សានោះ​បានថ្លែងថា អង្គសវនាការបានចប់ហើយ នៅថ្ងៃទី១៧ខែមិថុនាខាងមុខនេះ តុលាការនឹងប្រកាសសាលក្រម។ លោកថា ក្នុងអង្គសវនាការ មេធាវីខាងដើមបណ្តឹង សំណូមពរអោយតុលាការផ្តន្ទាទោសរូបលោក និងមន្រ្តីសហគមន៍០៤រូបទៀត។តែក៏ត្រូវបានមេធាវីរបស់លោក ស្នើសុំដល់តុលាការ អោយទម្លាក់ការចោទប្រកាន់នេះផងដែរ។ ការស្នើសុំនេះដោយសាដើមចម ដែលបណ្តាលអោយមានហិង្សាគឺ កាលពីអំឡុងចុងខែមករា ឆ្នាំ២០១៩ វេលាម៉ោងជាង៧យប់ លោកពិសិដ្ឋដែលជាដើមបណ្តឹង បានចូលទៅកាន់បឹងពារាំង ជាតំបន់ដែលការពារត្រីមេពូជ សត្វស្លាបនិងសត្វល្មូន ដោយសហគមន៍ ដោយមិនមានការសុំសហការ។ គ្រានោះលោកពិសិដ្ឋ បានថត ឆ្នាំងបាយ និងកន្លែងដេករបស់មន្ត្រីសហគមន៍។ ក្រៅពីនោះក៏បានប្រកាស ប្រាប់មន្ត្រីសហគមន៍ថា រូបគេមកនេះគឺ បានការអនុញាតិពីអាជ្ញាធរក្រុង និងខេត្ត ដើម្បីមកប្រកាសរំលាយសហគមន៍ បឹងពារាំងចោល។

បន្ទាប់ពីឮពាក្យដូច្នេះ មន្ត្រីសហគមន៍ សួររកឯកសារដែលត្រូវរំលាយសហគមន៍ ហើយក៏មានការប្រកែករហូតផ្ទុះជាហិង្សាវាយតប់គ្នាតែម្តង។ចឹងទេការប្តឹងទារសំណងជាសិទ្ធិរបស់បុគ្គល តែរូបលោកជឿជាក់ទៅលើការស៊ើប អង្កេត និងការសម្រេចរបស់តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close