ជីវៈចម្រុះ ជាអ្វី?​

“​សូម​ចូលរួម​អភិរក្ស​ជីវៈចម្រុះ ដើម្បី​យើងទាំងអស់គ្នា​” ជីវៈចម្រុះ Biodiversity គឺជា​ប្រធានបទ​សកល​សម្រាប់​អបអរ​ទិវា​បរិស្ថាន​ពិភពលោក ៥ មិថុនា នៅ​ឆ្នាំ ២០២០​នេះ​។​

​ជីវៈចម្រុះ សំដៅ​ដល់ (១)​ជីវិត​ដ៏​សម្បូរបែប​ខុសៗ​គ្នា​ទាំ​ឡាយ​នៅលើ​ភពផែនដី រួមមាន​រុក្ខជាតិ និង​សត្វ​ប្រមាណ ៨​លាន​ប្រភេទ (២)​បណ្តា​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ផ្តល់​ជា​ជម្រក​ឲ្យ​រុក្ខជាតិ និង​សត្វ​ទាំងនោះ​អាច​រស់រានមានជីវិត​បាន និង​(៣)​នានាភាព​សែន​(Genetic diversity) ក្នុងចំណោម​ជីវិត​ទាំងនោះ​។​

​គេ​អាច​ប្រដូច “​ជីវៈចម្រុះ​” ទៅជា​ប្រព័ន្ធ​ដ៏​សាំញ៉ាំ និង​មាន​អន្តរ​ទំនាក់ទំនង​ស្មុកស្មាញ ដែល​រាល់​ជីវិត​ទាំងឡាយ សុទ្ធតែ​សំខាន់​នៅក្នុង​ប្រព័ន្ធ​នោះ នៅក្នុង​ទិដ្ឋភាព​ណាមួយ​។ អាហារ​ដែល​យើង​បរិភោគ ខ្យល់​ដែល​យើង​ដកដង្ហើម ទឹក​ដែល​យើង​ផឹក និង​អាកាសធាតុ​ដែល​ធ្វើ​ឲ្យ​ភពផែនដី​យើង​អាច​រស់​នៅបាន សុទ្ធតែ​ត្រូវបាន​បង្កើតឡើង​ដោយ​ធម្មជាតិ​។​

​សកម្មភាព​មនុស្ស កំពុងមាន​ឥទ្ធិពល​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដល់​ជីវៈ​ច្រុះ​នៅលើ​ភពផែនដី​។ គ្រាន់តែ​ចន្លោះ​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៥ គម្រប​ព្រៃឈើ ប្រមាណ ៣២​លាន​ហិកតា ត្រូវបាន​បាត់បង់ និង​ក្នុង​រយៈពេល ១៥០​ឆ្នាំ ចុងក្រោយ​នេះ គម្រប​ផ្កាថ្ម​សមុទ្រ បាន​បាត់បង់​ប្រមាណ​ពាក់កណ្តាល​។ ចំណែកឯ ផ្ទាំង​ទឹក​ក​(Glacial ice) នៅ​តំបន់​ប៉ូល ក៏​កំពុង​រលាយ​ក្នុង​ល្បឿន​មួយ​ដ៏​លឿន ស្រប​ពេលដែល​កម្រិត​អាស៊ីត​ទឹកសមុទ្រ​កើនឡើង​កាន់តែ​ខ្ពស់ គំរាមកំហែង​ដល់​ផលិតភាព​ជីវិត​នានា​។​

​យើង​កំពុងស្ថិត​នៅក្បែរ​បន្ទាត់​ក្រហម​នៃ​ការវិនាស​ផុត​ពូជ​ទ្រង់ទ្រាយ​ធំ ហើយ​ប្រសិនបើ​យើង​នៅតែ​បន្ត​តាម​លំនាំ​នេះ ការបាត់បង់​ជីវៈចម្រុះ នឹង​នាំមក​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ត្រឡប់មកវិញ ដល់​ការរស់រាន​របស់​មនុស្ស​ផ្ទាល់ នោះ​គឺ​ការវិនាស​នៃ​ដំណើរ​ការផលិត​អាហារ និង​ប្រព័ន្ធ​សុខភាព ដែល​ផ្តល់​ដោយ​ធម្មជាតិ​។​

​ដូច្នេះ ការអភិរក្ស​ជីវៈចម្រុះ គឺជា​ផ្លូវ​តែមួយគត់​ដើម្បី​ការពារ​ភពផែនដី​ដ៏​ស្រស់បំព្រង និង​រក្សាបាន​នូវ​សេវាកម្ម​ធម្មជាតិ​ដែល​ផ្តល់​ឲ្យ​យើង​រាល់គ្នា​។ នេះ ទាមទារ​ឲ្យ​យើង​យល់​អំពី​ដំណើរ​នៃ​ប្រព័ន្ធ​ជីវិត​ស្មុកស្មាញ និង​អាស្រ័យ​ប្រទាក់ក្រឡា​គ្នា ហើយ​នីមួយៗ​សុទ្ធ​តែមាន​តួនាទី​ក្នុង​ធម្មជាតិ​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close