ឱកាសការងារ ៦៥០កន្លែង នឹងផ្តល់ជូនយុវជន សិស្ស/និស្សិតកំពុងស្វែងរកការងារធ្វើ ក្នុងវេទិកាការងាររបស់ «NEA»
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សាការងារ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន៦៥០កន្លែង ពីក្រុមហ៊ុនធំៗ ៥ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ។
ក្រុមហ៊ុនធំៗទាំង៥ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា ក្រុមហ៊ុន អ៊ិនធើណេត ONLINE, ធនាគារ BIC BANK, សណ្ឋាគារ KVL, មីក្រូហិរញ្ញវត្ថុ JACCS និងក្រុមហ៊ុន TRUMP FITNES។ ចំពោះយុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ០៥៖០០នាទីល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក សួ ស៊ីវត្ថា ប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុន TRUMP FITNESS លើកឡើងថា ជានិច្ចកាលក្រុមហ៊ុនរបស់លោកតែងតែចូលរួមសហការជាមួយនឹង NEA ក្នុងព្រឹត្តិការផ្សេងៗដើម្បីផ្តល់ឱកាសការងារដល់សិស្សនិស្សិតដែលចង់ស្វែងរកការងារធ្វើ។ ក្រោយពីការចូលរួមជាមួយ NEA ខាងក្រុមហ៊ុនតែងទទួលបានបុគ្គលិកទាន់ពេលវេលា និងមានគុណភាពតាមអ្វីដែលខាងមានតម្រូវការ។ លោកបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន TRUMP FITNESS មានតម្រូវការបុគ្គលិកបន្ថែមជាច្រើននាក់ ដែលក្រុមហ៊ុននឹងផ្តល់ការបណ្តុះបណ្តាលបន្ថែម ព្រមទាំងមានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត។
លោក ស៊ីវត្ថា បញ្ជាក់បន្ថែមទៀតថា «យើងពិតជាសរសើរ NEA ណាស់ដែលបានរកគ្រប់វិធីសាស្ត្រជាច្រើនសំដៅជួយដល់និស្សិតឱ្យបានស្គាល់ពីក្រុមហ៊ុន ពិសេសបានដឹងពីព័ត៌មានទីផ្សារ និងតម្រូវការងារការងារនាពេលបច្ចុប្បន្ន»។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។