អាជ្ញា​ប្រចាំ​រដ្ឋ​មី​នី​សូ​តា បទ​ចោទ​លើ​មន្ត្រីប៉ូលិស​ម្នាក់ និង​មន្ត្រី​៣​នាក់​ទៀត ពាក់ព័ន្ធ​ការស្លាប់​បុរស​ស្បែក​ខ្មៅ ច​ច ហ្វ្ល​យ​ដ៍

​អាមេរិក​៖ អគ្គ​រដ្ឋអាជ្ញា​ប្រចាំ​រដ្ឋ​មី​នី​សូ​តា លោក Keith Ellison នឹង​បង្កើន​បទចោទប្រកាន់​លើ​មន្ត្រីប៉ូលិស​ម្នាក់​ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ គឺ​លោក ឌែ​រែក ឆូ​វីន បន្ទាប់ពី​រង​ការចោទប្រកាន់​ពីបទ​ឃាតកម្ម​កម្រិត​ទី​២ ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​បុរស​អា​មេ​រិ​ក​ដើមកំណើត​អាហ្វ្រិក​ម្នាក់ គឺ​លោក ច​ច ហ្វ្ល​យ​ដ៍ នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២០ ។​

​ជាមួយគ្នានេះ អគ្គ​រដ្ឋអាជ្ញា​ក៏​ប្រកាស​ពី​ការចោទប្រកាន់​លើ​មន្ត្រីប៉ូលិស​បីនាក់​ទៀត​រួមមាន​លោក Thomas Lane លោក J. Alexander Kueng និង​លោក Tou Thao ដែល​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់លោក ហ្វ្ល​យ​ដ៍ ពីបទ​ជួយ និង​រួមគំនិត​ក្នុង​អំពើ​ឃាតកម្ម​ផងដែរ នេះ​បើតាម​កាសែត Star Tribune ដែលជា​កាសែត​ដ៏​ធំ​ជា​គេ​បង្អស់​ប្រចាំ​រដ្ឋ​មី​នី​សូ​តា ។​

​សូមបញ្ជាក់ថា លោក ច​ច ហ្វ្ល​យ​ដ៍ អាយុ​៤៦​ឆ្នាំ​បាន​ស្លាប់ បន្ទាប់ពី​អតីតមន្ត្រី​ប៉ូលិស​ក្រុង​មីន​នា​ផូ​លី​ស លោក ឌែ​រែក ឆូ​វីន បាន​សង្កត់​ជង្គង់​របស់លោក​លើករ​ប​ស់លោក ហ្វ្ល​យ​ដ៍ ក្នុង​រយៈពេល​ជាង​៨​នាទី​កាលពី​ថ្ងៃទី​២៥ ខែឧសភា​កន្លងទៅ ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ខឹងសម្បារ​សារជាថ្មី​ម្តងទៀត លើ​អំពើ​សាហាវឃោរឃៅ​របស់​ប៉ូលិស​លើ​សហគមន៍​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាហ្វ្រិក ដែលជា​បញ្ហា​ដ៏​ក្តៅគគុក​មួយ​នៅក្នុង​សហរដ្ឋអាមេរិក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close