រកឃើញសំណល់បុរាណអាយុជាង៧ម៉ឺនឆ្នាំ នៅល្អាងភ្នំក្នុងខេត្តបាត់ដំបង
សំណល់បុរាណដែលមានអាយុកាលដល់ទៅជាង៧ម៉ឺនឆ្នាំ ត្រូវបានក្រុមអ្នកស្រាវជ្រាវរកឃើញនៅក្នុងល្អាងស្ពាន ស្ថិតក្នុងភ្នំទាក់ទ្រាំង ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលវាជារបបគំហើញថ្មីមួយទៀតដែលបញ្ជាក់ពីភាពចំណាស់ នៃទឹកដីកម្ពុជា។
ឯកឧត្តម ហេង សុផាឌី អគ្គនាយករង អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃម្សិលមិញថា តាមការស្រាវជ្រាវកន្លងមក នៅក្នុងល្អាងនេះ គឺគេបានរកឃើញមានការតាំងទីលំនៅចំនួន៣ដំណាក់កាលផ្សេងគ្នា ដោយ ទី១.ដំណាក់កាលសម័យថ្មបំបែក ស្ថិតក្នុងជម្រៅជ្រៅមានអាយុប្រហែល៧១០០០ឆ្នាំ, ទី២. វប្បធម៌ហាវប៊ិនញៀន ដោយបានរកឃើញឧបករណ៍ប្រើប្រាស់ និងសំណល់ឆ្អឹងសត្វ មានអាយុកាលពី៥០០០ ទៅ១០០០០ឆ្នាំ និងទី៣.គឺសម័យថ្មរំលីងមានអាយុកាលប្រហែល ៣០០០ឆ្នាំដោយគេបានយកល្អាងស្ពាននេះជាកន្លែងបញ្ចុះសព ។
ឯកឧត្តម ហេង សុផាឌី បានបន្តឲ្យដឹងថា សម្រាប់ការស្រាវជ្រាវវិញ គឺធ្វើឡើងចំនួន៣ដំណាក់កាល -ទី១ចាប់ផ្ដើមធ្វើពីឆ្នាំ២០០៩ ដល់២០១២, -ទី២.ចាប់ផ្តើមពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៦ និងទី៣ ចាប់ផ្តើមពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ ហើយក្រោយបញ្ចប់ ក្រុមអ្នកស្រាវជ្រាវនឹងធ្វើការបោះពុម្ភផ្សាយលទ្ធផល ដែលបានធ្វើនិងរកឃើញកន្លងទៅដោយសសេរជា៣ភាសា ខ្មែរ បារាំង និងអង់គ្លេស ។
បើតាមការបញ្ជាក់ពីឯកឧត្តមឧត្តមសេនីយ៍ទោ លី ឡាយ ប្រធាននាយកដ្ឋាន នគរបាលការពារបេតិកភណ្ឌបានឲ្យដឹងដែរថា ល្អាងនៅលើភ្នំទាក់ទ្រាំង (ពីមុនមកមានឈ្មោះភ្នំនាគត្រង់) ហើយភ្នំនេះ មិនមែនមានត្រឹមតែល្អាងស្ពានមួយទេ គឺមានរហូតទៅដល់១៣ល្អាង ហើយសម្រាប់ខេត្តបាត់ដំបងទាំងមូលមានល្អាងភ្នំទាំងអស់សរុប៦០ ។ ដោយឡែកក្រោយធ្វើការស្រាវជ្រាវកំណាយល្អាងស្ពានភ្នំឡើងវិញ មន្ត្រីជំនាញបានរកឃើញវត្ថុបុរាណជាច្រើនដូចជា-ឧបករណ៍ថ្មបំបែក -ថ្មរំលីង -ភាជន៍ -គ្រឿងកម្អកាយ -អង្កាំ -កងដៃធ្វើពីថ្ម -បន្តោងខ្សែកធ្វើពីចង្កូមសត្វ -បំណែកឆ្អឹងសត្វ រួមទាំងផ្នូរសពផងដែរ។
គួរបញ្ជាក់ថា ល្អាងស្ពាន មានទីតាំងស្ថិតក្នុងភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ធ្វើដំណើរពីផ្លូវជាតិលេខ៥៧ ចម្ងាយ៣គីឡូមែត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។