ឯកឧត្ត ប៉ាន សូរស័ក្តិ ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី ឆ្លើយតបទៅនឹងកូវីដ១៩
ភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី ឆ្លើយតបទៅនឹងកូវីដ១៩ ដែលរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ត្រាន់ ទាន់ អាន់ (Tran Tuan Anh) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជប៉ុន សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ និងអគ្គលេខាធិការអាស៊ានផងដែរ ដោយទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖
១) កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន៖ កិច្ចប្រជុំបានកត់សម្គាល់ និងពិភាក្សាលើសំណើក្នុងការបង្កើតគណៈកម្មការពិសេសជាន់ខ្ពស់ស្តីពីការឆ្លើយតបកូវីដ១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន។ កិច្ចប្រជុំក៏បានផ្លាស់ប្តូរបទពិសោធន៍គ្នាលើការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ និងពិភាក្សាលើការពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន និងការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃកូវីដ១៩។ ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែក និងផ្តល់អនុសាសន៍ដល់ប្រទេសជាសមាជិកក្នុងការធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់ និងប្រើប្រាស់ឧស្សហកម្ម៤.០ ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់។
២) កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី៖ បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបីបានផ្លាស់ប្តូរយោបល់ពីស្ថានភាពនៃកូវីដ១៩ នៅក្នុងតំបន់ ចែករំលែកពីវិធានការនានាក្នុងការប្រយុទ្ធនឹងមេរោគកូវីដ១៩។ ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការឆ្លើយតបដ៏រហ័ស និងស្របគ្នា និងកិច្ចសហការគ្នាតាមរយៈយន្តការអាស៊ានបូកបី ដែលមានស្រាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ និងបានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន កូរ៉េ ដែលបានជួយដល់កម្ពុជាក្នុងការទប់ទល់នឹងកូវីដ១៩ តាមរយៈជំនួយហិរញ្ញវត្ថុ បច្ចេកទេស និងគ្រូពេទ្យ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។