៥​ខែ ដើមឆ្នាំ​នេះ​! កម្ពុជា នាំចេញ​ពោតក្រហម​បាន​ជាង​៣.៥​ម៉ឺន​តោន

​ភ្នំពេញ​៖ ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០២០​នេះ ការនាំចេញ​ពោតក្រហម​របស់​កម្ពុជា មាន​ចំនួន ៣៥,៦៣៦​តោន ថយចុះ​ប្រមាណ​១៥,០៤៣​តោន ស្មើរ​នឹង​ជិត​៣០​ភាគរយ​។

​បើតាម​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា ការធ្លាក់ចុះ​ការនាំចេញ​នេះ ជា​សញ្ញា​ល្អ​ការជំរុញ​ការកែច្នៃ​ផលិតផល​កសិកម្ម និង​បង្កើន​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក​។​

​ឯកឧត្តម បាន​ឲ្យ​ដឹងថា «​ជាក់ស្តែង​នៅ​ឆ្នាំ​២០១៨ កម្ពុជា សម្រេចបាន​ការនាំចេញ​ពោត ក្រហម​បាន ២០៤,១៨៤​តោន​, នៅ​ឆ្នាំ​២០១៩ សម្រេចបាន​ត្រឹមតែ​១១៩ ,៩៩៣​តោន ហើយ​ជាពិសេស​ការនាំចេញ​ពោតក្រហម របស់​កម្ពុជា​ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០២០ សម្រេចបាន​ត្រឹមតែ​៣៥,៦៣៦​តោន ថយចុះ​ប្រមាណ​១៥,០៤៣​តោន​ស្មើនឹង​-២៩,៦៨% ដែល​ធៀប​ទៅនឹង​រយៈ​៥​ខែ​ដើមឆ្នាំ​២០១៩ មាន​ចំនួន​៥០,៦៧៩​តោន​»​។​

​ឯកឧត្តម បាន​បន្ថែមថា ទន្ទឹមនឹងនេះ​ការផលិត​ពោតក្រហម របស់​កសិករ​កម្ពុជា​កើន​ឡើងជា​លំដាប់ ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លងទៅនេះ សម្រេចបាន​១,១១៤,៩៥៦​តោន​ក្នុង​ឆ្នាំ​២០១៩, សម្រេចបាន​១,០៦៣,៦៧៧​តោន​ក្នុង​ឆ្នាំ​២០១៨, សម្រេចបាន​៥៩៦,១១២​តោន​នៅ​ឆ្នាំ​២០១៧ និង​សម្រេចបាន​៣៣៣,០៥៨​តោន​នៅ​ឆ្នាំ​២០១៦៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close