កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានចាប់ផ្តើមធ្វើយុទ្ធនា ការហៅអ្នកប្រើប្រាស់ទូរស័ព្ទ ក្នុងពេលបើកបរយានយន្តមកធ្វើការអប់រំ មុននឹងឈានដល់ការពិន័យ។
លោកជំទាវ មឹន មាណវី អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា ក្រុមមន្ត្រីសមត្ថកិច្ចនគរបាល បានសហការជាមួយអង្គការសង្គមស៊ីវិល និងយុវជនគំរូ ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយនៅតាមផ្លូវសាធារណៈ ទៅដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទអំពីការប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលប្រើប្រាស់ទូរស័ព្ទដៃ ខណៈដែលគ្រោងនឹងអនុវត្តន៍ដោយការចាប់ពិន័យតាមច្បាប់កំណត់។
លោកឧត្តមសេនីយ៍ត្រី ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា សមត្ថកិច្ចជំនាញ នឹងអនុវត្តប្រព័ន្ធថតតាមកាម៉េរាស្វ័យ ប្រវត្តិដើម្បីហៅអ្នកល្មើសមក ពិន័យតាមក្រឹត្យក្រមនៃច្បាប់។
តាមលោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា ឱ្យដឹងដែរថា ប្រសិនបើ អ្នកបើកបរចូលរួមគោរពច្បាប់ចរាចរណ៍ ដោយមិនត្រូវប្រើប្រាស់ ទូរស័ព្ទដៃ ក្នុងចំណោមច្បាប់ហាមឃាត់ ផ្សេងទៀតដូចជា កុំពិសាគ្រឿងស្រវឹង កុំបើកបរលើសល្បឿន កំណត់ កុំបើកបរខុសទិសចរាចរណ៍ ស្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ ជាដើម នឹងអាច កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅកម្រិតទាប។
យោងតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក បានបង្ហាញថា អ្នកកាន់ដៃចង្កូតយានយន្ត នៅកម្ពុជា ប្រមាណជាង៥០ភាគរយឡើងទៅ បានប្រើទូរស័ព្ទដៃក្នុងពេល អ្នកបើកបរ ខណៈដែលមួយ ចំនួនទៀត មានការកាន់ចំណីអាហារទទួលទាន ស្តាប់កាសទូរស័ព្ទ និងប្រឡែងគ្នាក្នុងពេលអ្នកបើកបរ។
ការសិក្សានេះបានបញ្ជាក់ដែរថា យ៉ាងហោចណាស់ មានមនុស្សម្នាក់ ក្នុងចំណោម៤នាក់ ដែលបានប្រើប្រាស់ទូរស័ព្ទដៃ ក្នុងពេលបើកបរ ទទួងរងគ្រោះថ្នាក់ចរាចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។