ក្រសួងបរិស្ថាន ចុះពិនិត្យដែនជម្រកសត្វព្រៃ នៅខេត្តព្រះវិហារ និងតំបន់ខាងជើងបឹងទន្លេសាប
នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បរិស្ថានកំពុងដឹកនាំប្រតិភូក្រសួងបរិស្ថាន បានចុះទៅទស្សនាដែនជម្រក សត្វព្រៃគូលែនព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ និងតំបន់អភិរក្សសត្វខ្សឹប ក្នុងស្រុកស្ទោង ខេត្ដកំពង់ធំ។
ក្នុងកំឡុងពេលទស្សនកិច្ចរយៈពេលថ្ងៃ គឺពីថ្ងៃទី៩-១០មិថុនា នៅខេត្តព្រះវិហារ គណៈប្រតិភូនឹងជួបសំណេះសំណាលជាមួយសហគមន៍មូលដ្ឋាន ដើម្បីស្វែងយល់ពីផលិតកម្មស្រូវសរីរាង្គមិតុ្តភាពសត្វព្រៃ សហគមន៍អេកូទេសចរណ៍ធម្មជាតិ និងការអភិ រក្សសត្វស្លាបធំៗដែលជិតផុតពូជបំផុត រួមទាំងបក្សី ជាតិរបស់កម្ពុជាគឺសត្វត្រយងយក្ស នៅក្នុងតំបន់ការពារ ធម្មជាតិ ភូមិសាស្ត្រខេត្តព្រះវិហារ។
នៅខេត្ដកំពង់ធំ គណៈប្រតិភូនឹងសិក្សាស្វែងយល់អំពីគម្រោងអភិរក្ស សត្វខ្សឹប និងពិភាក្សារកវិធីសាស្ត្រថាតើការងារកសិកម្ម និងការងារអភិរក្សអាចអនុវត្តរួមគ្នាបានយ៉ាងដូច ម្តេច។ សកម្មភាពទាំងនេះកំពុងត្រូវបានអនុវត្តរួមគ្នាដោយ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងគម្រោង USAID ព្រៃឡង់បៃតង (USAID GPL) សហការជាមួយក្រសួង បរិស្ថាន។
ក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូនឹងអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើការផ្តល់ជំនួយបន្ថែម ដោយគម្រោងUSAID ព្រៃឡង់បៃតង ដល់អង្គការសន្សំម្លប់ព្រៃ (SMP) ដែលជាអង្គការកសិកម្មក្នុងស្រុកមួយធ្វើការងារផ្នែកការពារបរិស្ថាន និងសត្វព្រៃតាមរយៈការជំរុញវិស័យកសិកម្មបែបជួយការពារសត្វព្រៃនៅក្នុងសហគមន៍ដែលរស់នៅក្នុងនិងជុំវិញតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា គម្រោង USAID ព្រៃឡង់បៃតងគម្រោង USAID ព្រៃឡង់បៃតងលើកកម្ពស់ការអភិវឌ្ឍដែលមិនប៉ះពាល់ដល់បរិស្ថាន និងការគ្រប់គ្រង ប្រកបដោយនិរន្តភាពនៃតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញតាមរយៈការផ្តោតលើសហគមន៍ ការអភិរក្ស និងអភិបាលកិច្ច។ គម្រោង USAID ព្រៃឡង់បៃតង (USAID GPL) មានរយះពេល ៥ឆ្នាំ និងទទួលបាន មូលនិធិពីទីភ្នាក់ងារជំនួយអាមេរិក USAID៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។