ក្រសួងមហាផ្ទៃ និង​ក្រសួង​ការងារ ទុកពេល​១​ខែ សម្រាប់​ជនបរទេស​ដែល​បំរើការ​នៅ​កម្ពុជា​គ្មាន​ប័ណ្ណ​

​ក្រសួងមហាផ្ទៃ និង​ក្រសួង​ការងារ កាលពី​ថ្ងៃទី​០១ មីនា ម្សិលមិញ បានប្រកាស​ដោយ​ទុក​រយៈពេល​តែ​១​ខែ​ប៉ុណ្ណោះ សម្រាប់​ជនបរទេស​ដែល​កំពុង​បំរើការ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​គ្មាន​បណ្ណ​ការងារ ក្រោយ​ពីនេះ នឹងត្រូវ​ចាត់វិធានការ​តឹងរ៉ឹង​តាមច្បាប់។​

​ការប្រកាស​បន្ទាប់ពី​បាន​រកឃើញថា បច្ចុប្បន្ន​មាន​ជនបរទេស​ប្រមាណ​ជាង​១០​ម៉ឺន​នាក់ កំពុង​បំរើកា​រងារ​ដោយ​ខុសច្បាប់​ក្នុងប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ចំណូល​ប្រមាណ​២០​លាន​ដុល្លារ ក្នុង​មួយឆ្នាំ។​

​លោកនាយ​ឧត្ដមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ និង​លោក សេង សក្ដា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការងារ របស់ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា ក្រសួង​ទុក​រយៈពេល​១​ខែ​ជូន​ពលករ​បរទេស ដើម្បី​មក​ចុះបញ្ជី​ការងារ​ស្របតាម​ច្បាប់ ពោលគឺ​ក្រោយ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ក្រុមអធិការកិច្ច​ចម្រុះ នៃ​អន្ដរក្រសួង នឹង​ចុះ​ពិនិត្យ​ស្រាវជ្រាវ​លើ​ករណីនេះ។​

​ជាមួយគ្នា​លោក សេង សក្ដា ក៏បាន​ថ្លែង​ជំរុញ​ឲ្យ​ពលករ​បរទេស​ទាំងអស់ មក​ធ្វើ​ប័ណ្ណ និង​សៀវភៅ​ការងារ​នៅក្នុង​ឆ្នាំ​២០១៧ ឲ្យ​បាន​រួចរាល់ ហើយ​បើតាម​ច្បាប់​អន្ដោប្រវេសន៍ និង​ច្បាប់​ស្ដីពី​ការងារ ក្នុង​ឆ្នាំ​២០១៨​នេះ គឺ​តម្រូវ​ឲ្យ​ធ្វើការ​ផាកពិន័យ , ប៉ុន្ដែ​ក្រសួង​ទាំង​២​មិនទាន់​ធ្វើការ​ផាកពិន័យ​នោះទេ គឺ​ទុក​រយៈពេល​១​ខែ ដើម្បី​ឲ្យ​ពលករ​ទាំងអស់​នោះមក​បំពេញ​កាតព្វកិច្ច។​

​យ៉ាងណា​ក៍ដោយ ប្រតិភូ​រាជរដ្ឋាភិបាល​រូបនេះ បាន​បញ្ជាក់ថា ប្រសិនបើ​ពលករ​បរទេស​ទាំងនោះ មិន​បានមក​ធ្វើ​សៀវភៅ​ការងារ ឬ​បំពេញ​កាតព្វកិច្ច​ក្នុងការ​បង់ពន្ធ​ជូន​រដ្ឋ ដែល​ក្នុង​មួយឆ្នាំ​មានតម្លៃ​៤០​ម៉ឺន​រៀល​នោះ ក្រសួង នឹងធ្វើ​ការផាកពិន័យ​ទៅតាម​ច្បាប់ ដោយ​កំណត់​ផាកពិន័យ​ពី​៦០​ថ្ងៃ ទៅ​៩០​ថ្ងៃ នៃ​ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ ពោលគឺ​កំណត់​ក្នុង​មួយថ្ងៃ​៤​ម៉ឺន​រៀល​។​

​រីឯ​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល ក៍បាន​ឲ្យ​ដឹងផង​ដែរ​ថា ប្រសិនបើ​ពលករ​បរទេស​ណា នៅតែ​បន្ដ​រឹង​រុះ​មិន​ព្រម​បង់ពិន័យ នឹង​ប្រឈម​ជាមួយ​ទោសទណ្ឌ​ខាង​ផ្លូវ​តុលាការ ដោយ​ដាក់ពន្ធនាគារ​រយៈពេល​៣​ខែ រួច​បណ្ដេញ​ចេញពី​កម្ពុជា​តែម្ដង ឬ​ម្យ៉ាងទៀត មិន​ដាក់ពន្ធនាគារ​ទេ តែ​បណ្ដេញចេញ​តែម្ដង ដោយ​ផ្អែក​តាមច្បាប់​អន្ដោប្រវេសន៍ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close