គម្រោង​ថ្មី​ចំនួន​៤​ទៀត អនុម័ត​ឲ្យ​បើក​ដំណើរការ ក្នុង​ទុន​ជាង​៦០​លាន​ដុល្លារ​

​ភ្នំ​ពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​អនុម័ត​ឲ្យ​គម្រោង​ថ្មី​ចំនួន​៤​ទៀត បើក​ដំណើរការ ក្នុង​ទុនវិនិយោគ​ជាង​៦០​លាន​ដុល្លារ​អាមេរិក និង​បានផ្តល់​ការងារ​ជាង​៤​ពាន់​កន្លែង​។​

​យោងតាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១-“HUA TE BANG (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទីក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ត្រប់ សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២១៦​កន្លែង​។​

២- “PRINTX GP (CAMBODIA) FACTORY CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​គ្រឿង​បន្សំ​កាបូប ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥១ ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៦,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៤១៤​កន្លែង​។​

៣-“DIZE (CAMBODIA) NONG YE FAZHAN CO., LTD.” គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ចេក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​មាឃ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម មាន​ទុនវិនិយោគ​ប្រមាណ ១៧,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៩០០​កន្លែង​។​

៤-“SUN & MOON HOTEL CO., LTD.” គម្រោង​សាងសង់​និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៤ ចំនួន ២០០​បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ ២៨៥ មហាវិថី​ព្រះ​នរោត្តម ជាប់​ស្ពាន​ព្រះមុនីវង្ស កែង​ផ្លូវ​លេខ​២៣៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣៥,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៣៥​កន្លែង​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close