ថ្ងៃនេះ! កម្ពុជា មានអ្នកជំងឺកូវីដ១៩ ម្នាក់ទៀត បានជាសះស្បើយ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនព័ត៌មាន ដោយបញ្ជាក់ថា កម្ពុជា មានករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ថ្មីម្នាក់ទៀត ខណៈមិនមានករណីវិជ្ជមានកូវីដ-១៩ថ្មីឡើយ។
ក្រសួងបញ្ជាក់ថា អ្នកជំងឺដែលបានជាសះស្បើយ គឺជាបុរសជនជាតិខ្មែរ-បារាំង អាយុ៣០ឆ្នាំ ធ្វើដំណើរមកពីប្រទេសបារាំង តាមជើងហោះហើរពីសាធារណរដ្ឋកូរ៉េ មកដល់កម្ពុជានៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន១២៦នាក់ (ស្ត្រី ៣៩នាក់ និងបុរស ៨៧នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ១២៥នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួនម្នាក់ប៉ុណ្ណោះ គឺបុរសជនជាតិខ្មែរម្នាក់ ដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។