ទៅ​ខេត្តមណ្ឌលគិរី កុំ​ភ្លេច​ទៅលេង​ភ្នំ​ឡែ​ង​កៅ​!

​ខេត្តមណ្ឌលគិរី​៖ ភ្នំ​ឡែ​ង​កៅ (​ឡែ​ង​កៅ អូរ​ងឺ​ន​) ​ភ្ញៀវទេសចរ​ធ្វើដំណើរ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្តមណ្ឌលគិរី សូមកុំ​ភ្លេច​ភ្នំ​ឡែ​ង​កៅ ជាពិសេស​ទឹកជ្រោះ​ឡែ​ង​កៅ​តែម្តង ដែលមាន​សម្រស់​ស្រស់ស្អាត​ដូចគ្នា​នឹង​ទឹកជ្រោះ​ប៊ូ​ស្រា​។​ ​ធនធានធម្មជាតិ និង​ជីវ​:​ចម្រុះ​សំបូរបែប​ដែល​ទាក់ទាញ រួមមាន​: ទឺ​ក​ធ្លាក់​ច្រើន​ដំណាក់​បង្កើតបានជា​សំលេង​ធម្មជាតិ​យ៉ាង​ពិ​រោះ​។

​ទឹក​ត្រជាក់​ដូច​ទឹក​អ​ម្រិ​ត​ហូរ​កាត់​ផ្ទាំង​ថ្មដា រួមផ្សំ​ជាមួយ​សម្រែកសត្វ​ទោច​(​ប្រភេទ​សត្វ​ដែលមាន​តម្លៃ​អភិរក្ស​) និង​បក្សាបក្សី​។ សម្រស់​ធម្មជាតិ នៃ ព្រៃស្រោង​សើម​ដុះ​តាម ជ្រលង​ភ្នំ សងខាង​មាត់ជ្រោះ លប់​ទៅដោយ​ដើម​ស្លា​ព្រៃ និង​រុក្ខជាតិ​តិណ្ណជាតិ​គួរឱ្យ​ចង់​ទៅលេង​កំសាន្ត​។​ ​សណ្ឋាន​ដី និង​ភូ​គ​ម្ភ​សាស្ត្រ ជា​តំបន់ភ្នំ​មាន​សោភ័ណភាព​ទាក់ទាញ ប៉ុន្តែ​នៅ​មិនទាន់​ដឹងថា​ជា​ប្រភេទ​ថ្ម​អ្វី​។​

​ផ្នែក​តម្លៃ​ប្រវត្តិសាស្ត្រ និង​វប្បធម៌​វិញ​៖ ជនជាតិដើម​ភាគតិច​ព្នង​តែងតែ ជឿថា​តំបន់ភ្នំ​ឡែ​ង​កៅ​មាន​ភាព​ស័​ក្ត​សិទ្ធ​។ ទឹកជ្រោះ​ឡែ​ង​កៅ ជា​ឈ្មោះ ដែល​ហៅ​តាម​ព្រៃ​អារក្ស ឬ ព្រៃ​តំណម​របស់​ជនជាតិដើម​ភាគតិច​។ នៅមាន​រឿងរ៉ាវ​ជាច្រើន​ដែល​មិនទាន់​ដឹង​អស់​នៅ​ទីនោះ​។​ ​សារ​:​សំខាន់​ផ្នែក​អភិរក្ស​វិញ គឺថា​លក្ខណ​:​ពិសេស​របស់​ព្រៃភ្នំ​សក្ការ​:​បូជា​នេះ បូក​នឹង​ការ​ប្រឈម​នឹង​ការកាប់​រុករាន និង​ដុត​ដីព្រៃ​ដើម្បី​ធ្វើ​ចម្ការ​អាចធ្វើឱ្យ​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់​ព្រៃភ្នំ​នេះ​ប្រែប្រួល​។​

​ភ្នំ​នេះ ស្ថិតនៅ​ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ក្នុងស្រុក​អូររាំង ខេត្តមណ្ឌលគិរី​(​រយ​:​ទទឹង​: ១២° ១៩’ ១៥.១១” និង​រយ​:​បណ្តោយ​: ១០៧° ៦’ ៣៩.៥១”)​។ ទឹកជ្រោះ​មាន​ចម្ងាយ​១ គីឡូម៉ែត្រ ពី​ផ្លូវជាតិ​លេខ​៧៦​។ ត្រង់​ផ្លូវបត់​ចូលទៅ​ទឹកជ្រោះ​មាន​ចម្ងាយ​៣៤៥ គ​.​ម ពី​រាជធានី​ភ្នំពេញ ឬ​ហួស​ស្នាក់ការ​អូររាំង នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ប្រមាណ​១​គ​.​ម នៅ​ខាងស្តាំ​ដៃ ឬ ២៦ គ​.​ម ពី​ក្រុង​សែន​មនោ​រម្យ នៅ​ខាងឆ្វេង​ដៃ​។​

​រដ្ឋាភិបាល​បានចេញ​លិខិត​លេខ ៨៣​អនក្រ​.​បក ចុះ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ ឱ្យ​ក្រសួងបរិស្ថាន​រៀបចំ​បង្កើតជា​ដែនជម្រកសត្វព្រៃ​កែវ​សីមា លើ​ផ្ទៃដី​២៩២,៦៩០​ហិកតា គ្របដណ្តប់​ភ្នំ​ឡែ​ង​កៅ សម្រាប់​ទុកជា​កេរ្តិ៍មរតក​មនុស្ស​គ្រប់​ជំនាន់​។ ជនជាតិដើម​ភាគតិច​ព្នង បាននិងកំពុង​ចូលរួម​ថែរក្សា​ការពារ​ព្រៃភ្នំ​សក្ការបូជា​នេះ សម្រាប់​កូនចៅ​ពួកគាត់​គ្រប់​ជំនាន់ និង​មាន​គម្រោង​ស្នើសុំ​ក្រសួងបរិស្ថាន​ថែរក្សា​ការពារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close