កាំកុងត្រូល​ប្រកាស​ហាម​លក់ និង​ចែកចាយ​ផលិតផល​ម្សៅ​ធ្វើ​នំ ពី​ប្រទេស​បារាំង​ដែល​រកឃើញ​មាន​ជាតិពុល​

​ផលិតផល​ម្សៅ​សម្រាប់ធ្វើ​ម្ហូបអាហារ ឬ​នំ (buckwheat flour) ផលិត​នៅ​ប្រទេស​បារាំង ដែលមាន​ម៉ាក​យីហោ Natur’Avenir ត្រូវបាន​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម ចេញប្រកាស​ហាមឃាត់​ការលក់ និង​ចែកចាយ ក្រោយពី​គេ​បាន​រកឃើញ​សារធាតុ Tropane alkaloids ដែលមាន​ប្រភពពី​រុក្ខ​ជាតិពុល Datura នៅក្នុង​នោះ​។​

​ក្នុង​សេចក្ដីជូនដំណឹង​បាន​បញ្ជាក់ថា Buckwheat និង​ផលិតផល​ម្សៅ Buckwheat flour ប្រើប្រាស់​ជា​វត្ថុធាតុដើម​សម្រាប់​ផលិត ម្ហូបអាហារ​ដូចជា គុយទាវ មី នំ នំ​បុ័ង ស្រា ស្រា​បៀ និង​ភេសជ្ជៈ​។​ល​។ ការទទួល​ទាន ផលិតផល​ម្ហូបអាហារ​ដែលមាន​ចម្លង​ចូល​សារធាតុ​ខាងលើនេះ នឹង​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សរីរាង្គ​ថ្លើម ឈាម និង​ប្រ​ព័​ន្ឋ​សរសៃប្រសាទ​។ ក្នុងករណី​ធ្ងន់ធ្ងរ នឹង​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​ជីវិត​។​

​ជុំវិញ​បញ្ហា​នេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាននិងកំពុង​ចាត់វិធានការ​រាំងខ្ទប់​មិន​ឲ្យ​នាំចូល​ផលិតផល និង​ផ្តល់ព័ត៌មាន ដល់​ក្រុមហ៊ុន​នាំចូល​អាជីវករ​លក់ដុំ និង​រាយ​នៅលើ​ទីផ្សារ​កម្ពុជា​។ ក្នុងករណី​មាន​នាំចូល និង​ចរាចរ​លើ     ទីផ្សារ​និង​ត្រួតពិនិត្យ​នៅតាម​ទីផ្សារ​ធំ​-​តូច ផ្សារ​ទំនើប ដើម្បី​សម្របសម្រួល និង​មាន​វិធានការ​តាម​នីតិវិធី ប្រសិនបើ​មានការ​ដាក់តាំង​លក់​។​

​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ជាយថាហេតុ អគ្គ នាយកដ្ឋាន​កាំកុងត្រូល​សូម​អំពាវនាវ​ដល់​សាធារណ ជន សូមកុំ​ទិញ​ផលិតផល​ដែលមាន​អត្តសញ្ញាណ ដូច បាន​ជំរាបជូន​ខាងលើ និង​សូមជួយ​សហការ​ផ្តល់ ព័ត៌មាន​ដល់​មន្ត្រី​មាន​សមត្ថកិច្ច ក្នុងករណី​បងប្អូន​ប្រជា ពលរដ្ឋ​បាន​ជួបប្រទះ​៕​

\

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close