អភិបាលខេត្ត​ខេត្តតាកែវ អំពាវនាវ​ដល់​ពលរ​ដ្ឋ កុំ​ឲ្យ​មានការ​ធ្វេសប្រហែស ចំពោះ​រលក​ទី​២ នៃ​ជំងឺ​កូ​វីដ​១៩

​ខេត្តតាកែវ​៖ ឯកឧត្តម អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល ខេត្តតាកែវ បានធ្វើការ​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់​ចំពោះ​រលក​ទី​២​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ព្រោះ​បច្ចុប្បន្ននេះ​ជម្ងឺ​ដ៏​កាច​សាហាវ​មួយ​នេះ កំពុងតែ​កើនឡើង​ជា​លំដាប់​នៅ​ទូទាំង​សកលលោក ពោលគឺ​ជាង​៧​លាន​នាក់ ដែល​បាន​ឆ្លង​កូ​វីត​១៩ ។​

​មានប្រសាសន៍​នៅក្នុង​ពិធី​ចែក​អំណោយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្វះខាត​៨០​គ្រួសារ​ដោយសារ​កូ​វីត​១៩ ក្នុង​ជុំ​ទី​២​របស់​រដ្ឋបាលខេត្ត នៅក្នុង​ស្រុក​បូរី​ជលសារ កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បាន​មានប្រសាសន៍ថា បើទោះបីជា​ស្ថានភាព​ជម្ងឺ​កូ​វីត​១៩ នៅក្នុង​ប្រទេស​កម្ពុជារ​បស់​យើង​មាន​លក្ខណៈ​ស្ងប់ស្ងាត់​បន្តិច​ក្តី ហើយ​ព្យាបាល​ជាសះស្បើយ​ចំនួន​១២៤​នាក់ នឹង​២​នាក់​បន្ត​ព្យាបាល​ក៏ពិតមែន ប៉ុន្តែ​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ធ្វេសប្រហែស​ឲ្យ​សោះ ពោល​ត្រូវ​បន្ត​អនុវត្តន៍ អំពី​វិធាន​ការអប់រំ​ណែនាំ វិធានការ​បង្ការ និង​ទប់ស្កាត់ អំពី​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ តាមរយៈ​ការលាង​ដៃ​នឹង​សាប៊ូ ឬ​អាល់កុល​អោយបាន​ញឹកញាប់ នឹងត្រូវ​ពាក់​ម៉ាស់ ជាប្រចាំ ដើម្បី​ការពារ​ការឆ្លង​នូវ​មេរោគ​កូ​វីដ​១៩​នេះ​ចូលមកក្នុង​សហគមន៍​របស់​បងប្អូន ព្រោះ​វិធាន​ទម្លាប់​អនាម័យ​នេះ​វា​ល្អ​សម្រាប់​ការពារ​កូ​វីត​១៩ ដោយ​ពិភពលោក​មិនទាន់​រក​ថ្នាំ​ឬ​វ៉ាក់សាំង​ការពារ​នឹង​ជម្ងឺ​កូ​វីត​១៩​នេះ​ឃើញ​ទេ​។​

​ឯកឧត្តម អ៊ូច​ភា បាន​បន្ថែមទៀតថា ពាក់ព័ន្ធ​ទៅ​និង​វិធី​បង្កា ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ ក្រសួងសុខាភិបាល អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ជាពិសេស​សមាគមន៍​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​បានធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដល់​បងប្អូន​ឲ្យ​បាន​យល់ដឹង និង​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​ផ្លូវដង្ហើម​មួយ​នេះ ឆ្លង​ចូលមក​សហគមន៍​រប​ស់បង​ប្អូន ដែល​និង​នាំ​ឲ្យ​មាន​ផលវិបាក​ជាច្រើន​ចំពោះ​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ទាំងមូល​ផងដែរ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close