ការធ្លាក់ចុះ​ចំនួន​សត្វ​ត្មាត នៅ​កម្ពុជា ដោយសារ​ការបំពុលរ​បស់​មនុស្ស​ខ្លាំងជាងគេ

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ បាន​ចូលរួម​បើក​ការ ជំរឿន​សត្វ​ត្មាត​ប្រចាំឆ្នាំ​នៅ​កម្ពុជា ដែល​ធ្វើឡើង​នៅក្នុង​សហគមន៍​ដង​ផ្លិត​-​អាហា​រដ្ឋា​ន​ត្មាត ក្នុងភូមិ​សាស្ត្រ​នៃ​ដែនជម្រកសត្វព្រៃ​ឆែប ក្នុងស្រុក​ឆែប ខេត្តព្រះវិហារ​ដោយមាន​ការចូលរួម​ពី​អាជ្ញាធរខេត្ត មន្ត្រី​គម្រោង​ព្រៃ​ឡង់​បៃតង និង​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន​។​

​ការធ្វើជំរឿន​របា​យស​ត្វ​ត្មាត​នេះ​សហការ​រៀបចំឡើង​ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា (WCS) និង​ក្រសួងបរិស្ថាន​ត្រូវបានធ្វើ​នៅក្នុង​តំបន់​ចំនួន ៥ កន្លែង​ដែលមាន​វត្តមាន​សត្វ​ត្មាត​រស់នៅ​។

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថា ការ​ជំរឿន​សត្វ​ត្មាត​បានធ្វើ​ឡើង នៅ​ចំនួន​៥ ទីតាំង​ផ្សេងគ្នា​រួមមាន នៅ​សៀម​ប៉ាង ក្នុង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ក្នុង​ខេត្តស្ទឹងត្រែង នៅ​អាហារ​ដ្ឋា​ន​ត្មាត​ចំណុច​វាល​បឹង​ទាល់ ស្ថិតនៅ​សហគមន៍​ព្រៃ​អណ្តូង​ដង​ផ្លិត ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប​ក្នុង​ខេត្តព្រះវិហារ នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្តមណ្ឌលគិរី នៅ​ស្រែ​អង្ក្រង​ក្នុង​តំបន់​សេសា​ន​នៅ​ស្ទឹងត្រែង និង​ដែនជម្រកសត្វព្រៃ​លំផាត់​នៅក្នុង​ភូមិសាស្ត្រ​ខេត្តរតនគិរី​។​

​ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងថា សត្វ​ត្មាត​ចំនួន​៣៤ ក្បាល​បាន​ចុះមក​ស៊ី​សត្វ​គោ​ងាប់​ដែលជា​ចំណី​រៀបចំ​បន្ថែម​ដោយ​អង្គការ WCS ក្នុងនោះ​សត្វ​ត្មាតផេះ​ចំនួន ៩​ក្បាល ត្មាតភ្លើង​ចំនួន ៣ ក្បាល និង​ត្មាត​ត្មោ​ត​ចំនួន ២២​ក្បាល​។ ចំនួន​នេះ​មិនទាន់​រាប់បញ្ចូល​ពី​លទ្ធផល​ជ​ម្រើ​ន​នៅ​តំបន់​ផ្សេងទៀត​នៅឡើយ​ទេ​។ ការ​ជំរឿន​កាល​ខែធ្នូ​ឆ្នាំ​២០១៩ កន្លងទៅ នៅ​ទីតាំង​ដដែល​នេះ មាន​សត្វ​ត្មាត​ចំនួន ៤៤ ក្បាល​។

​ឯកឧត្តម បន្តថា លទ្ធផល​ជម្រឿន​សត្វ​ត្មាត​នៅ​ឆ្នាំ​២០១៩ កន្លងទៅ​បង្ហាញថា កម្ពុ​ជាមាន​សត្វ​ត្មាត​ទាំង ៣​ប្រភេទ មាន​ចំនួន ១៣៧ ក្បាល ហើយ​តំបន់​ដែលមាន​សត្វ​ត្មាត​ច្រើនជាងគេ គឺ​នៅ​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង ក្នុង​ខេត្តស្ទឹងត្រែង និង​ដែន​ជម្រក សត្វព្រៃ​ឆែប​ក្នុង​ខេត្តព្រះវិហារ​។​

​សត្វ​ត្មាត ជា​ប្រភេទ​សត្វ​កម្រ និង​កំពុង​ស្ថិតក្នុង​ហានិភ័យ​ខ្ពស់​ក្នុងការ​បាត់​ពូជ​នៅលើ​សកលលោក ខណៈ​ចំនួន សត្វ​ត្មាត​នៅតែ​បន្ត​មានការ​ធ្លាក់ចុះ​ជា​រៀងរាល់ឆ្នាំ និង​ក្នុង​កម្រិត​មួយ​គួរ​ព្រួយបារម្ភ ទោះបីជា​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងបរិស្ថាន​ដោយ សហការ​ជាមួយ​អង្គការ​ដៃគូ​នានា​ខិតខំ​ប្រឹងប្រែង​ការពារ​និង​អភិរក្ស​ក៏ដោយ​។

​មូលហេតុ​ដែលនាំឱ្យ​សត្វ​ត្មាត​នៅក្នុង​ប្រទេស​កម្ពុជា មានការ​ធ្លាក់ចុះ​ខ្លាំង ដោយសារ​ការគំរាមកំហែង​ខ្លាំង​បំផុត​ពី​ការបំពុល​របស់​មនុស្ស ការបាត់បង់​ជម្រក ការខ្វះខាត​ចំណីអាហារ ការ​បរបាញ់​តាមរយៈ​ការដាក់​អន្ទាក់ និង​ការបំពុល​។
​ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងថា ប្រជា​សហគមន៍​នៅតាម​តំបន់​មួយចំនួន​បាន ប្រើប្រាស់​ថ្នាំពុល​ដាក់​ទៅក្នុង ឬ​ជុំវិញ​ត្រពាំង​ដើម្បី ចាប់​សត្វ​ស្លាប និង​ថនិកសត្វ​ផ្សេងៗ ហើយ​ការបំពុល នេះ​ក៏​ជា​មូលហេតុ​ចម្បង​ដែល​បណ្ដាលឱ្យ​សត្វ​ត្មាត​ស្លាប់​ដែរ ដោយសារតែ​សត្វ​ត្មាត​ទាំងនោះ​ស៊ី​សាល​សពសត្វ​ស្លាប់​ដោយសារតែ​ថ្នាំពុល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close