រថយន្តបុក​ជាមួយ​ម៉ូតូ ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ នៅ​ស្រុក​ក្រគរ​

​ខេត្តពោធិ៍សាត់​៖ យ៉ាងហោចណាស់​បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ និង​អ្នករួមដំណើរ​២​នាក់​ទៀត រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​ពេញទំហឹង កាលពី​ល្ងាច​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាន្ត​ស ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​សាក្សី​និយាយថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ទាំង​៣​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1C 7468 ទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ ម៉ូតូ​បាន​ធ្លាក់​ក្រឡុក​រួច​វ៉េ​ចង្កូត​ទៅខាង​ឆ្វេង ចូល​ក្រោម​ឡាន​ដឹក​ដី​១​គ្រឿង ម៉ាក SCANIA ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 3A-3047 ទិសដៅ​ពី​កើ​តទៅ​លិច បណ្តាល​ឲ្យ​ភាគី​ខាង​ម៉ូតូ មាន​ស្លាប់ និង​រងរបួស​ធ្ងន់​តែម្តង​។

​ជនរងគ្រោះ​ទី​១.​ឈ្មោះ ណាត ឆក ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​អ្នកបើកបរ (​ស្លាប់​), ទី​២.​ឈ្មោះ ណាត ញ៉​ញ់ ភេទ​ស្រី អាយុ​១៥​ឆ្នាំ (​រងរបួស​ធ្ងន់​) និង​ទី​៣.​ឈ្មោះ អឿន នាច ភេទ​ស្រី អាយុ​១៨​ឆ្នាំ (​រងរបួស​ធ្ងន់​)​។ ចំណែក​អ្នកបើកបរ​រថយន្ត បាន​រត់​គេចខ្លួនបាត់​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ចុះជួយ​អន្តរាគមន៍ និង​បញ្ជូន​ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។ ចំណែក​សព​បានប្រគល់​ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close