ផ្អាកអាជីវកម្មលក់ស្រាថ្នាំចិនសែ តាំងគួយ ក្រោយមានករណីពុលស្លាប់៤នាក់ នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងមួយ ដោយប្រាប់បងប្អូនអាជីវករលក់ដូរទំនិញ ផ្អាកការលក់នូវប្រភេទស្រាថ្នាំ ឈ្មោះ «ស្រាថ្នាំចិនសែ តាំងគួយ» ក្រោយមានអ្នកពុលស្លាប់។
តាមសេចក្ដីជូនដំណឹង បានឲ្យដឹងថា ថ្មីៗនេះ មានបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកមង្គលបុរី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត បានទទួលទានស្រាថ្នាំ ឈ្មោះ «ស្រាថ្នាំចិនសែ តាំងគួយ» ដែលពុំមានប្រភពច្បាស់លាស់ បណ្ដាលឲ្យពុលស្លាប់ និងត្រូវបានសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់។ បច្ចុប្បន្នមន្ទីរជំនាញ បានកំពុងយកវត្ថុតាង ទៅធ្វើតេស្ត រកសារធាតុផ្សំ និងផ្សព្វផ្សាយជាព័ត៌មាន ក្នុងពេលដ៏ខ្លីខាងមុខនេះ។
សេចក្ដីជូនដំណឹង បានបន្ថែមទៀតថា ហេតុដូច្នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជូនដំណឹងដល់បងប្អូនអាជីវករលក់ដូរទំនិញ មេត្តាផ្អាកការលក់ នូវប្រភេទស្រាថ្នាំ ឈ្មោះ «ស្រាថ្នាំចិនសែ តាំងគួយ» នៅគ្រប់បណ្ដាទីផ្សារទាំងអស់ និងតាមលំនៅឋាន មានដាក់តាំងលក់ក្នុងខេត្ត រហូតដល់មានការជូនដំណឹងផ្លូវការពីរដ្ឋបាលខេត្ត។
គូសបញ្ជាក់ថា ចំនួនអ្នកពុលស្រាថ្នាំតាំងគួយ នៅខេត្តបន្ទាយមានជ័យ រហូតមកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ មានចំនួន១៥នាក់ ក្នុងនោះ៤នាក់ស្លាប់ និង១១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋផឹកស្រាតាំងគួយ ចំនួន១៦នាក់ (ម្នាក់មិនពុល) ក្នុងនោះ៤នាក់ពុលស្លាប់ និង១១នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
របាយការណ៍ដដែល បានបន្ដទៀតថា អ្នកដែលពុល និងស្លាប់ទាំងអស់ខាងលើផឹកស្រាចិនសែតាំងគួយ ហើយក្រុមអ្នកពុលស្រានៅម៉ាឡៃគឺទិញពី ឈ្មោះ ភា នៅភូមិដូង ស្រុកម៉ាឡៃ រីឯក្រុមផឹកនៅប៉ោយប៉ែត គឺទិញពីអ្នកលក់នៅផ្សារត្រី (មិនស្គាល់ឈ្មោះ)៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។