ករណី​រន្ធត់​! យុវជន​ម្នាក់ ធ្លាក់​ពីលើ​ម៉ូតូ ត្រូវ​រថយន្ត​កិន​បែកក្បាល ស្លាប់​នៅនឹងកន្លែង​

​ខេត្តកោះកុង​៖ ករណី​ដ៏​រន្ធត់​មួយ បាន​កើតឡើង​នៅវេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ ដោយសារ​យុវជន​ម្នាក់ បាន​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​ត្រូវ​រថយន្ត​កិន​បែកក្បាល បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​
​ក្នុងភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​

​បើតាម​របាយការណ៍​ពី​សម​ត្ត​កិច្ច បាន​ឲ្យ​ដឹងថា គេ​ឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក​Dream C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កោះកុង 1A-5977 ជិះ​គ្នា​២​នាក់ លុះ​មកដល់​ចំណុច​ខាងលើ ចុះ​ចំណោទ​ហើយ​ធ្លាក់​ចិញ្ចើមផ្លូវ ហើយ​បើក​ឡើង​មកវិញ ស្រាប់តែ​អ្នកជិះ​ពីក្រោយ​ធ្លាក់​ពីលើ​ម៉ូតូ ត្រូវ​រថយន្ត​១​គ្រឿង (Hyundai) ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-6163 ទិសដៅ​ស្របគ្នា កិន​ពីលើ​ជនរងគ្រោះ បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​នៅនឹងកន្លែង​តែម្តង​។​

​ជនរងគ្រោះ​ឈ្មោះ គៀន ភា​រុន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា​។ ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ សៀន ស្រ៊ាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សូ​ទៃ ឃុំ​រួ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ចុះ​វាស់វែង និង​បានប្រគល់​សព​ជូន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​អ្នកបើកបរ​រថយន្ត និង​ម៉ូតូ បាន​នាំយកទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មណ្ឌលសីមា រងចាំ​ដោះស្រាយ​និតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close