សត្វ​ដំរី​អាស៊ី​មួយ​ហ្វូង ត្រូវបាន​ប្រទះឃើញ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្ត​មណ្ឌល​គី​រី

​ខេត្ត​មណ្ឌល​គី​រី​៖ ក្រុម​អ្នកជំនាញ​សត្វព្រៃ​របស់​អង្គការ WWF បាន​ប្រទះឃើញ​សត្វ​ដំរី​អាស៊ី​មួយ​ហ្វូង ដែលមាន​ចំនួន​៦​ក្បាល ខណៈដែល​ពួកវា​កំពុងតែ​ស្វែងរក​ចំណី​យ៉ាង​សុខសាន្ត នៅក្នុង​ទីជម្រក​ធម្មជាតិ នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុង​ខេត្ត​មណ្ឌល​គី​រី ដែលជា​តំបន់​ការពារ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ​បរិស្ថាន នៃ​ក្រសួងបរិស្ថាន​។

​អង្គការ​នេះ បាន​បញ្ជាក់ថា តែដោយសារ​ភាព​វៃឆ្លាត និង​មាន​ញាណ​ដឹង​តាមរយៈ​ក្លិន​ថា មាន​វត្តមាន​មនុស្ស សត្វ​ដំរីព្រៃ​ទាំងនេះ បាន​ផ្អើល​ហើយក៏​បាន​ត្រលប់​ក្រោយ​ចូល​ទីជម្រក​សុវត្ថិភាព​វិញ​។ ក្រុម​អ្នកស្រាវជ្រាវ និង​តាមដាន​សត្វព្រៃ​របស់​យើង​អាច​ផ្តិត​យក​នូវ​វីដេអូ​ខ្លី​មួយ​នេះ​បាន ដោយមាន​ការព្យាយាម​និង​អត់ធ្មត់​ខ្លាំង​ព្រោះ​ត្រូវ​សម្ងំ​លើ​ដើមឈើ​ក្នុង​ការថត​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។​

​សូមជម្រាបថា សត្វ​ដំរី​អាស៊ី ត្រូវបាន​ចាត់ថ្នាក់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​សត្វ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​។ នៅ​កម្ពុជា សត្វ​ដំរី​អា​សុ​ី​កំពុង​ទទួលរង​ការគំរាមកំហែង​ដោយ​ការ​បរបាញ់ ការដាក់​អន្ទាក់ ការជួញដូរ​ភ្លុក​និង​ស្បែក និង​ការបាត់បង់​ទីជម្រក​៕​

https://www.facebook.com/314699302002531/videos/580454329556621/

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close