អតីតប៉ូលិសម្នាក់ ដែលពាក់ព័ន្ធការស្លាប់របស់ ចច ហ្វ្លយដ៍ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ
សហរដ្ឋអាមេរិក៖ អតីតប៉ូលិសអាមេរិកលោក Thomas Lane វ័យ៣៧ឆ្នាំ ត្រូវបានដោះលែងចេញពីពន្ធនាគារក្នុង Hennepin County រដ្ឋ Minnesota នៅល្ងាចថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីផ្តល់ប្រាក់តម្កល់ចំនួន៧៥ម៉ឺនដុល្លារ នេះបើតាមសារព័ត៌មាន ABC News នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
លោក Lane ត្រូវបានតុលាការកំណត់ប្រាក់តម្កល់ចំនួន១លានដុល្លារ ដើម្បីអាចនៅក្រៅឃុំដោយគ្មានលក្ខខណ្ឌ ប៉ុន្តែត្រូវបានដោះលែងដោយមានលក្ខខណ្ឌជាមួយប្រាក់៧៥ម៉ឺនដុល្លារ ។ ដូច្នេះលោកនឹងត្រូវស្ថិតក្រោមការឃ្លាំមើលពីអាជ្ញាធរ កំឡុងពេលនៅក្រៅឃុំនេះ ហើយមិនអាចធ្វើសកម្មភាពមួយចំនួនបានឡើយ ខណៈលោក Lane នឹងត្រូវឡើងតុលាការជាថ្មីនៅថ្ងៃទី២៩ ខែមិថុនាខាងមុខ ។
លោក Thomas Lane ស្ថិតក្នុងចំណោមអតីតប៉ូលិសក្រុងមីននាផូលីស សរុប៣នាក់ ដែលត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្នុងការប្រព្រឹត្តឃាតកម្មកម្រិត២ និងមនុស្សឃាតកម្រិត២ ពាក់ព័ន្ធនឹងការស្លាប់របស់បុរសស្បែកខ្មៅឈ្មោះ ចច ហ្វ្លយដ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។