ថៃ ទម្លាក់​ថវិការ​ជាង​៦០​ពាន់​លាន​ដុល្លារ ជួយ​ដល់​សេដ្ឋកិច្ច

​ប្រទេស​ថៃ​៖ សារព័ត៌មាន CNA បានចេញ​ផ្សាយ​នៅថ្ងៃនេះ​ថា កាលពី​ខែ​មុន រដ្ឋសភា​ថៃ​បានអនុម័ត​កញ្ចប់​ថវិកា​រ​អន្តរា​គម​ដោះស្រាយ​បញ្ហា​ជំងឺ​កូ​វីដ​១៩ ដល់​ទៅ​៣​គម្រោង សរុប​ជា​ទឹកប្រាក់​១.៩​ទ្រី​លាន​បាត ឬ ៦១.៥៤​ពាន់​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​បែរជា​ការលើកឡើង​ពី​មជ្ឈដ្ឋាន​ខ្លះៗ​ថា ព័ត៌មាន​ស្តីពី​ការជួយ​អន្តរា​គម​តាមរយៈ​ការចំណាយ​ប្រាក់​ទាំងនោះ​មិនទាន់មាន​ច្បាស់លាស់ ទើប​មាន​សំណួរ​ច្រើន​ទាក់ទង​នឹង​តម្លាភាព​នៃ​គម្រោង​ទាំងនេះ​។​

​កញ្ចប់​ថវិការ​ទាំងបី​នេះ​គឺជា​ផ្នែក​នៃ​កញ្ចប់​ស្រោចស្រង់​សេដ្ឋកិច្ច​ថៃ ក្រោយ​ជួប​វិបត្តិ​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​១៩ ក្នុងនោះ មានការ​ផ្តល់​កម្ចី​តម្លៃ​១​ទ្រី​លាន​បាត​របស់​រាជរដ្ឋាភិបាល ព្រមទាំង​វិធាន​ការជួយ​ធនាគារកណ្តាល ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធន​តូច​និង​មធ្យម ឬ SME ដែល​ត្រូវ​ការចំណាយ​ប្រមាណ​៩០០​ពាន់​លាន​បាត​។ អ្នកសេដ្ឋកិច្ច​ថា គម្រោង​នេះ​ត្រូវបាន​គេ​គិតថា ចាំបាច់ ក្រោយ​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន បំរាម​គោចរ​ទូទាំងប្រទេស និង​វិធាន​ការផ្អាក​សកម្មភាព អាជីវកម្ម​ផ្សេងៗ​នោះ​។​

​យ៉ាងណាក៏ដោយ នៅតែមាន​ស្រែក​អំពាវនាវ​ឲ្យ​មាន​តម្លាភាព​ថែមទៀត ជាមួយនឹង​ការបង្ហាញ​គម្រោង​ជាក់លាក់​ថា តើ​ប្រាប់​រាប់សិប​ពាន់​លាន​ដុល្លារ​អាមេរិក​នេះ​ត្រូវ​ចំណាយ​បែបណា ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច ហើយ​ជួយ​ប្រជាជន​ថៃ​រាប់លាន​នាក់​រង​គ្រោង​ពី​វិបត្តិ​ជំងឺ​នេះ​។​ ​អ្នកសេដ្ឋកិច្ច Sarinee Achavanuntakul ថា មិនមាន​កង្វល់​ខ្លាំង​លើ​វិធានការ ៩០០​ពាន់​លាន​បាត ជួយ​ដល់​ខាង​ធនាគារកណ្តាល​ទេ ព្រោះ​មាន​លក្ខខណ្ឌ​ច្បាស់លាស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close