ត្រឹម​១​ខែ​! សហរដ្ឋអាមេរិក​កើន​បំណុល​ជាតិ ២៦​ទ្រី​លាន​ដុល្លារ នឹង​បន្ត​កើនឡើង​១​ទ្រី​លាន​ដុល្លារ​

​សហរដ្ឋអាមេរិក​៖ ទិន្នន័យ​ចុងក្រោយ​របស់​ក្រសួង​រតនាគារជាតិ​អាមេរិក​បានបង្ហាញ​ថា បំណុល​ជាតិ​សហរដ្ឋអាមេរិក​សរុប​បាន​កើន​ឡើងដល់​ទឹកប្រាក់​២៦​ទ្រី​លាន​ដុល្លារ​ជា​លើកដំបូង ជាមួយនឹង​ការកើនឡើង​១​ទ្រី​លាន​ដុល្លារ​ត្រឹម​ពេល​មួយខែ​ប៉ុណ្ណោះ នេះ​បើតាម​សារព័ត៌មាន RT កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ ។​

​បើតាម​របាយការណ៍រ​បស់​ក្រសួង​រតនាគារជាតិ​អាមេរិក បំណុល​ជាតិ​បាន​កើនឡើង​ចាប់ពី​២៣.៥​ទ្រី​លាន​ដុល្លារ​កាលពី​ខែ​មិនា ជាមួយនឹង​ការកើនឡើង​១​ទ្រី​លាន​ដុល្លារ​កាលពី​ថ្ងៃទី​០៥ ខែឧសភា​កន្លងទៅនេះ ។ ហើយ​ចាប់តាំងពី​លោក ដូ​ណា​ល់ ត្រាំ ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​មក បំណុល​ជាតិ​បាន​កើនឡើង​៦​ទ្រី​លាន​ដុល្លារ​។ កំណើន​នៃ​បំណុល​ជាតិ​ខាងលើនេះ គឺ​ដោយសារ​ការ​វិភា​ជ​ថវិកាជាតិ ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​មួយចំនួន ដែល​បង្កឡើង​ដោយសារ​ការ​រាតត្បាត​នៃ​វីរុស COVID-19​។​

​យោងតាម​របាយការណ៍​ប្រចាំខែ​របស់​ក្រសួង​រតនាគារជាតិ​អាមេរិក បានឱ្យដឹង​ទៀតថា ឱនភាព​ថវិកា​របស់​រដ្ឋាភិបាល​សហព័ន្ធ​ក្នុង​រយៈពេល​០៨​ខែ ពោលគឺ​ចាប់ពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៩ បាន​កើន​ឡើងដល់​១.៨៨​ទ្រី​លាន​ដុល្លារ ខណៈ​ចំនួន​នេះ​កើនឡើង​ខ្ពស់​ខ្លាំង បើ​ធៀប​ទៅនឹង​ឆ្នាំមុន និង ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close