អ្នកតាមដានព័ត៌មានភាគច្រើនគេឆ្ងល់ថាតើតារា៣ឌួងកំពុងរះលើទឹកដីបាត់ដំបងមានទេពកោលសល្យបង្រ្កាបលោក អួន តាល់ ជាមេបនឆ្កួតនឹងល្បែង
@បាត់ដំបង ៖
#ក្រុមឆ្កួតនឹងល្បែងចាប់ផ្ដើមលេងល្បែង ភ្នាល់ ទឹកភ្លៀង ចាក់ភ្នាល់ស៊ីសងលុយខ្ទង់ពាន់ខ្ទង់ម៉ឺនដុល្លាយ៉ាងភ្លូកទឹក ភ្លូកដី ដោយអាជ្ញាធរនិងសមត្ថកិច្ចជំនាញរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនលឺទៅវិញ។
តាមសេចក្តីរាយការណ៍ពីប្រជា ពលរដ្ឋខេត្តបាត់ដំបងបានឲ្យដឹងថាក្នុងរដូវ វស្សាឆ្នាំ២០២០ ចាប់តាំង ពីដើមខែឧសភា ឆ្នាំ ២០២០រហូតមកដល់បច្ចុប្បន្ននេះល្បែង ភ្នាល់ ទឹកភ្លៀង បាននឹងកំពុងចាប់ផ្ដើមលេងភ្នាល់ចាក់ស៊ីសងយ៉ាងភ្លូកទឹក ភ្លូកដី ខណៈគេស្គាល់អ្នកទទួលខុសត្រូវ ដែលគេហៅថាមេបនឆ្គួតល្បែងទឹកភ្លៀង ដេញថ្លៃគ្រប់គ្រងផ្ដាច់មុខក្នុងរដូវឆ្នាំ២០២០នេះ គឺបានទៅលើ លោក អួន តាល់ បន្តទៀត ដោយចំណាយលុយរត់ការឱ្យសមត្ថកិច្ចតូចធំគ្រប់លំដាប់ក្នុងខេត្តបាត់ដំបងអស់រាប់ម៉ឺនដុល្លារដើម្បីអាចដំណើរការ ការលេងល្បែងភ្នាល់ទឹកភ្លៀងនេះយ៉ាងរលូន ដើម្បីប្រមូលលុយចូលហោប៉ៅវិញយ៉ាងសន្ធឹកសន្ធាប់។
តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកខ្លះបានលើកឡើងថា ទីតាំងភ្នាល់ទឹកភ្លៀង និង អាប៉ោង បៀរ ដ៏ធំមួយនេះគឺមានមេការម្នាក់ឈ្មោះ តាត្នោតជ្រុំ ជាអ្នកមើលការខុសត្រូវបន្ទាប់ពីលោក តាល់។ ក្នុងនោះមានប្រភពខ្លះលួចបង្ហើបឲ្យដឹងដែរថា ល្បែងសុីសងប្រភេទទឹកភ្លៀង និង អាប៉ោងបៀរ កណ្ដាលបេះដូងក្រុងបាត់ដំបងមួយនេះគឺមានសមត្តកិច្ចដ៏មានអំនាចម្នាក់ ជាអ្នកកាងនៅពីក្រោយ តែប្រភពមិនបានប្រាប់ថា សមត្ថកិច្ចម្នាក់នោះពាក់ផ្កាយប៉ុន្មាន នៅអង្គភាពណា និងមានឈ្មោះអ្វីនោះទេ គ្រាន់តែគេប្រើរហ័សនាមថា (មេ៨០០) ។
ពួកឆ្កួតនឹងល្បែងទាំងនេះគេប្រើយុទ្ធសាស្ត្រក្នុងការលេង ដោយរៀបចំយុទ្ធសាស្ត្របែបបច្ចេកទេសនៃពាក្យនិយាយតាមវិទ្យុទាក់ទង ដើម្បីបំភ័ន្តភ្នែកមហាជន និងកុំឲ្យអ្នកត្រឹមត្រូវដឹងពីការនិយាយ ពួកអ្នកលេងភ្នាល់ទាំងអស់ គេប្រើភាសាបំភាន់ដូចជា មួយខាំស្មើ១០០ដុល្លារ, ១គីឡូស្មើ១ពាន់ដុល្លារ . មួយកៅស៊ូ ស្មើ១ម៉ឺនដុល្លារ។ ហើយការចាក់ភ្នាល់ជាលុយនោះ គឺពួកគេដាក់ក្រដាស ដើម្បីស៊ីសង ដោយគេគោរពតម្លៃនោះ។
ប្រភពខាងលើបានឲ្យដឹងទៀតថា លោក អួនតាល់ មេបនឆ្កួតនឹកល្បែងភ្នាល់ទឹកភ្លៀង មានកន្លែងបើកល្បែងអាប៉ោង បៀរ ដ៏ធំនេះ បានឲ្យដឹងថា ការភ្នាល់ទឹកភ្លៀងតាមទម្លាប់ គឺនៅដើមខែឧសភានោះទេ ប៉ុន្តែអ្វីដែលពួកគេចាប់ផ្ដើមដំណើរការតាំងពីខែមីនា មកម្ល៉េះ គឺជាការប្រមូលជើង អ្នកលេងដើម្បីកុំឱ្យរត់ទៅលេងនៅទីក្រុងភ្នំពេញ។ ម្យ៉ាងវិញទៀតការបើកលេងចាប់ពីខែមីនាមក គឺគ្រាន់តែជាការ ប្រមូលប្រាក់ដើម្បីទូទាត់ឱ្យសមត្ថកិច្ច និងអាជ្ញាធរ សម្រាប់ដោះស្រាយរត់ការ ហើយ ចាប់ផ្ដើមដំណើរការពេញទំហឹងគឺក្នុង ខែឧសភា ឆ្នាំ២០២០ រហូតមក។
ចំណែកអាគារទីតាំងវិញ គឺមិនកំណត់អាគារណាមួយច្បាស់លាស់នោះទេ ដោយពួកគេចល័តទៅលេងលើអាគារខ្ពស់ៗជាច្រើនអាគារ ប៉ុន្តែទីតាំងដែលជាគោលដៅ គឺស្ថិតនៅ ម្តុំខាងក្រោយផ្សារ ភូ ពុយ ឬ ខាងក្រោយវត្ត ទួលដូនប៉ុក ក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ឬក្នុងភូមិសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ការប្រើរូបភាពបំភ័ន្ដភ្នែកបែបនេះ គឺក្រុមអ្នកឆ្កួតនឹងល្បែងបានពពាក់ពពូនគ្នាលេងយ៉ាងងប់ងល់ មិនបន្សល់ភស្តុតាងធ្វើឲ្យមានការលំបាកដល់សមត្ថកិច្ចដែលទទួលកាដូដង្វាយសែនព្រេននោះឡើយ និងមិនឲ្យមានការរិះគន់ដល់សមត្ថកិច្ច ទោះយ៉ាងណាសមត្ថកិច្ចក៍ត្រូវចុះត្រួតពិនិត្យបង្គ្រប់កិច្ចខ្លះដែរ នៅពេលមានរូបភាពគួរឲ្យចាប់អារម្មណ៍ និងរងការរិះគន់ពីមហាជន នាំឲ្យខាតបង់ផលប្រយោជន៍របស់ពួកគេ។
សកម្មភាពនៃការបើកបនល្បែងភ្នាល់ទឹកភ្លៀងរបស់លោក តាល់ នេះត្រូវបានមជ្ឈដ្ឋានទូទៅ រិះគន់អាជ្ញាធរខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន និងក្នុងខេត្តយ៉ាងខ្លាំង ហើយចាត់ទុកថាផ្គើននឹងបទបញ្ជាររបស់ថ្នាក់ លើ និងមិនយកចិត្តទុកដាក់អនុវត្តគោល នយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋា ភិបាល ។ ការបណ្តែតបណ្តោយឲ្យកើតមានសកម្មភាពល្បែងភ្នាល់ទឹកភ្លៀង និង ល្បែង ស៊ីសង អាប៉ោង បៀរ របស់លោក តាល់ ត្រូវបានប្រជាពលរដ្ឋសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងនូវអំពើចោរកម្ម ឆក់ ប្លន់ និងអសន្តិសុខសង្គម។
ករណីខាងលើនេះ អង្គភាពសមាគម សម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យ មិនអាចសុំការបកស្រាយណាមួយ ពីលោក តាល់ ដែលប្រភពអះអាងថាជាមេបនឆ្កួតល្បែងទឹកភ្លៀង និងល្បែងស៊ីសងគ្រប់ប្រភេទប្រចាំខេត្តបាត់ដំបងនោះ បាននៅឡើយទេ ។
ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងសំណូមពរចំពោះតារាទាំងបីឌួងកំពុងរះលើទឹកដីខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ទាំងអស់ ក្នុងខេត្តមេត្តាចុះបង្រ្កាប ទប់ស្កាត់ឲ្យបានផង ដើម្បីឆ្លើយតប នឹងគោលនយោបាយ ភូមិឃុំ មានសុវត្តិភាព របស់សម្ដេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។