៥ខែ ដើមឆ្នាំនេះ រាជធានីភ្នំពេញ ទទួលបាន ៥៨៣គម្រោងពីវិស័យសំណង់ ក្នុងទុនជាង១,៣០០លានដុល្លារ
ភ្នំពេញ៖ ត្រឹមរយៈពេល៥ខែ ឆ្នាំ២០២០នេះ រាជធានីភ្នំពេញ បានទទួលការវិនិយោគលើវិស័យសំណង់ចំនួន ៥៨៣គម្រោង ក្នុងនោះផ្ទៃក្រឡាសំណង់សរុប ២,៨២១,៣១៧ម៉ែត្រក្រឡា ដែលមានទុនវិនិយោគសរុប ១,៣៧៥,៦២៨,០៥០ដុល្លារអាមេរិក។
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុរិយោលដី បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ដោយបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងទៅ មានចំនួន ១,២៩២អគារ។ បុរីមានចំនួន ២៤៤បុរី។ រយៈពេល៥ខែ ឆ្នាំ២០២០ ខាងមន្ទីរ បានចេញលិខិតទប់ស្កាត់សំណង់គ្មានលិខិតអនុញ្ញាត បានចំនួន២៩ការដ្ឋាន, ចេញលិខិតបើកការដ្ឋាន ចំនួន៤០ការដ្ឋាន និងលិខិតបិទការដ្ឋាន ចំនួន៥ការដ្ឋាន។
ក្រៅពីការងារវិនិយោគ ក៏មានការផ្ដល់សេវាសាធារណៈលើសេវាសុរិយាដី និងសំណង់ជូនប្រជាពលរដ្ឋ នៅឆ្នាំ២០១៩ បានចំនួន ៦៦,៨៦៧ឯកសារ ខណៈ៥ខែ ឆ្នាំ២០២០ បានចំនួន២៥,៧០០ឯកសារ។ ចំណែកការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ការប្រមូលទិន្នន័យក្បាលដី ឆ្នាំ២០១៩ បានចំនួន៣៥,៧៥៨ក្បាលដី (ក្នុងនោះ ចុះហត្ថលេខាលើប័ណ្ណកម្មសិទ្ធិ ឆ្នាំ២០១៩ បាន១៣,៣៨១ក្បាលដី និងចែកប័ណ្ណសកម្មសិទ្ធិឆ្នាំ២០១៩ បាន៩,៨០៣ក្បាលដី)។ ការងារចុះបញ្ជីដាច់ដោយដុំ បានចុះបញ្ជីចំនួន៥៣៨ប័ណ្ណ ហើយ៥ខែដើមឆ្នាំ បានចុះចំនួន១៦២ប័ណ្ណ។
ដោយឡែកការងារប្រទានកម្ម មន្ទីររៀបចំដែនដី បានចុះបញ្ជីដីប្រទានកម្មលើដីឯកជនរបស់រដ្ឋ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ២៩ទីតាំង លើដីជាង៨២ហិចតា បានផ្ដល់កម្មសិទិ្ធជូនប្រជាពលរដ្ឋប្រមាណ១៨,០០០គ្រួសារ។ មន្ទីរបានចុះបញ្ជីបំបែកដីឡូត៍ជូនប្រជាពលរដ្ឋសហគមន៍មានជ័យ ចំនួន៥៦២ឡូត៍ តាមរយៈការចាប់ឆ្នោត ហើយបច្ចុប្បន្នប្រជាពលរដ្ឋដែលកំពុងសាងសង់ ១៥២ឡូត៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។