ក្រុមការងារ​អន្តរក្រសួង ពិនិត្យ​លើ​ការចុះ​កំណត់​តំបន់​ស្ថានីយ​បុរាណ នៅ​ខេត្តតាកែវ​

​កាលពី​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​ទុង នៃ​ទីស្តីការ​ក្រសួងបរិស្ថាន លោកជំទាវ ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​សម្រាប់​ចុះ​កំណត់​តំបន់​ស្ថានីយ​បុរាណ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ ដើម្បី​ពិនិត្យ​លើ​ការចុះ​កំណត់​ស្ថានីយ​បុរាណ​នៅ​ខេត្តតាកែវ ដើម្បី​រក្សា​ទុកជា​តំបន់​អភិរក្ស​បេតិកភណ្ឌ​។
​កិច្ចប្រជុំ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​៖ ទី​១) ប្រកាស​សមាសភាព និង​ភារកិច្ច​ក្រុមការងារ​អន្តរក្រសួង និង​ទី​២) ដើម្បី​ពិភាក្សា និង​រៀបចំ​ផែនការ​អនុវត្ត​ការងារ​នាពេលខាងមុខ នៅ​តំបន់​អាទិភាព​ដែល​កំណត់ដោយ​រដ្ឋបាល​ខេត្តតាកែវ​។​

​សូមបញ្ជាក់ថា ក្រសួងបរិស្ថាន​បានចេញ​សេចក្តីសម្រេច​លេខ​០២៩​ស​.​ស​.​រ​.​ប​ស្ថ ចុះ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២០ ស្តីពី​ការបង្កើត​ក្រុមការងារ​អន្តរក្រសួង​ចុះ​កំណត់​តំបន់​ស្ថានីយ​បុរាណ​នៅ​ខេត្តតាកែវ ដើម្បី​រក្សា​ទុកជា​តំបន់​អភិរក្ស​បេតិកភណ្ឌ ដែលមាន​សមាជិក​សរុប​២៦​រូប មកពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន​: ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​: ក្រសួង​រ៉ែ​និង​ថាមពល ក្រសួងទេសចរណ៍ រដ្ឋបាល​ខេត្តតាកែវ មន្ទីរ​បរិស្ថាន មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្ប​: និង​មន្ទីរ​ធម្មការ​និង​សាសនា ខេត្តតាកែវ​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​ក្រុមការងារ​អន្តរក្រសួង​ពិនិត្យ​លើ​ការចុះ​កំណត់​តំបន់​ស្ថានីយ​បុរាណ​នៅ​ខេត្តតាកែវ​នៅពេលនេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ទា ជុប អនុរដ្ឋលេខាធិការ និង​ជា​អនុប្រធាន​ក្រុមការងារ លោកជំទាវ ជា សុ​ភូ អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តតាកែវ តំណាង​ក្រសួង ស្ងា​ប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close