ឆ្នាំ២០១៩! កម្ពុជា សម្រេចការចិញ្ចឹមត្រី កើនឡើងជាង ៣០ម៉ឺនតោន
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាប់ថា គោលនយោបាយដ៏ចម្បងរបស់រដ្ឋាភិបាល ក្នុងការធានាសន្តិសុខស្បៀង ជូនប្រជាពលរដ្ឋ និងកាត់បន្ថយក្នុងការដាក់សំពាធលើធនធានជលផលក្នុងដែនទឹកធម្មជាតិ ការអភិវឌ្ឍវារីវប្បកម្ម គ្រប់រូបភាព និងគ្រប់ទីកន្លែង ត្រូវដាក់ឲ្យអនុវត្តតាមនៅតាមបណ្តាខេត្តនានា។
ឯកឧត្តម បញ្ជាក់ថា ជាក់ស្តែងការអភិវឌ្ឍវារីវប្បកម្មគ្រប់ប្រភេទ នៅឆ្នាំនា ២០០៩ អនុវត្តបានត្រឹមតែ ៥០ ០០០តោន និងការភ្ញាស់កូនត្រីពូជអនុវត្តបានជាង ៦៩ លានក្បាល តែប៉ុណ្ណោះ។ ប៉ុន្តែមកដល់ឆ្នាំ២០១៩ ការធ្វើវារីវប្បកម្ម បានកើឡើងរហូតដល់ ៣០៧ ៤០៨ តោន ក្នុងនោះផលចិញ្ចឹមត្រីរ៉ស់ ត្រីឆ្តោ មានចំនួន ៧១ ៥៣៦តោន ហើយនិងការភ្ញាស់កូនត្រីពូជអនុវត្តបានចំនួន ២២២លានក្បាល នេះបញ្ជាក់ឱ្យឃើញថា ទិន្នផលវារីវប្បកម្មកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលរយៈពេល៥ឆ្នាំចុងក្រោយនេះកំណើនជាមធ្យម២០% ក្នុងមួយឆ្នាំ ដែលប្រជាកសិករបានទទួលយកនូវបច្ចេកទេសវារីវប្បកម្មដែលរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលបានអនុវត្តកន្លងមក។
ទន្ទឹមនឹងនេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទៅនឹងការប្រែប្រួលរបបទឹកទន្លេមេគង្គ ជាមួយនឹងការប្រែប្រួលភូមិសាស្ត្រ បឹង ព្រែក ស្ទឹង និងទន្លេ និងអាកាសធាតុ ហើយនឹងឆ្លើយតបទៅនឹងសេចក្តីត្រូវការទីផ្សារ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់វិស័យជលផលឆ្នាំ២០១៥-២០២៤ និងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វារី-វប្បកម្មនៃប្រទេសកម្ពុជាឆ្នាំ២០១៦-២០៣០ ដែលផែនការនេះអនុលោមតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដ៏ត្រចេះត្រចង់របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨។
តាមរយៈផែនការយុទ្ធសាស្ត្រនេះ ជាគោលដៅដើម្បីសម្រេចបានផលិតផលវារីវប្បកម្មចំនួន ៧៤០ ០០០ តោន នាឆ្នាំ២០២៤ ខាងមុខនេះ ដែលមានកំណើន ជាមធ្យម២០% ជារៀងរាល់ឆ្នាំ។ ដោយនៅក្នុងយុទ្ធសាស្ត្រនេះ ផ្តោតសំខាន់ទៅលើ៧ចំណុចសំខាន់ៗ៖ (១) គុណភាពពូជសម្រាប់ប្រភេទត្រីនានា (២) បង្កើនការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ទាំងបរិមាណ (៣) ធានាបាននូវការផ្គត់ផ្គង់ចំណីប្រកបដោយនិរន្តរភាព (៤) បង្កើនចំណេះដឹង ជំនាញ និងសមត្ថភាពស្ថាប័ន (៥) ថែរក្សាគុណភាពបរិស្ថាននិងកាត់បន្ថយដោយជំងឺ (៦) បង្កើនគុណភាព និងតម្លៃនៃផលិតផលវារីវប្បកម្មកែច្នៃ (៧) សម្របសម្រួលក្នុងការផ្តល់នូវសេវាឥណទានវារីវប្បកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។