២​ខែ​ដំបូង កម្ពុជា ផាកពិន័យ​លើ​បទល្មើស​ចរាចរណ៍​តាម​អនុក្រឹត្យ​ថ្មី បាន​ជាង ៣​លាន​ដុល្លារ

​ភ្នំពេញ​៖ យោងតាម​របាយការណ៍ បាន​បង្ហាញថា កម្ពុជា ទទួលបាន​ថវិកា​ប្រមាណ ៣​លាន​ដុល្លារ​អាមេរិក ពី​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​បង្កើន​ប្រាក់​ពិន័យ តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស​កម្ពុជា រយៈពេល​២​ខែ​មកនេះ​។ នេះ​បើតាម​របាយការណ៍ ដែល​ត្រូវ​បានបង្ហាញ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ នា​ព្រឹក​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​របាយការណ៍​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​តាម​អនុក្រឹត្យ​លេខ​៣៦ អនក្រ​.​បក រយៈពេល​២​ខែ (​ឧសភា​-​មិថុនា​) បាន​ពិន័យ​សរុប​ចំនួន ៨៣.៣៨៦​ករណី ក្នុងនោះ ម៉ូតូ​ចំនួន ៦១.០២២​នាក់ ស្មើ​៧៣% និង​រថយន្ដ​ចំនួន ២២.៣៦៤​ករណី ស្មើ​២៧%​។ អនុវត្ត​ការបង់ប្រាក់​ពិន័យ តាម​ស្នាក់ការ​នគរបាល​ចរាច​រណ៍​ផ្លូវគោក ដែល​បានកំណត់​ទទួលបាន​ប្រាក់​ពិន័យ​ចំនួន ១២.៥០១.១៨៥.០០០​រៀល (​ជាង ៣​លាន​ដុល្លារ​) ក្នុងនោះ​មិនទាន់​បង់ប្រាក់​ពិន័យ​ចំនួន​២០%»​។​

​ចំពោះ​ប្រតិបត្តិ​ការពិនិត្យ​អនុវត្ត​ច្បាប់​ប្រចាំ​ឆ​មា​ទី​១ ឆ្នាំ​២០២០ ទទួលលទ្ធផល ដូចជា បាន​ត្រួតពិនិត្យ​យានយន្ដ​សរុប ចំនួន ៩៨៧.០០៣​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន​៦១% ហើយ​បាន​រកឃើញ​យានយន្ដ​ល្មើស និង​ពិន័យ​ចំនួន ២៣៤.១១៤​គ្រឿង ស្មើនឹង​២៤% ក្នុងនោះ​ម៉ូតូ​ចំនួន​៦៥%​។​

​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ទៀតថា គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ១.៦១៩​លើក បណ្ដាល​ឲ្យ​ស្លាប់​ចំនួន ៨១៦​នាក់ និង​របួស​ចំនួន ២.៤៤៩​នាក់ (​របួសធ្ងន់​១.១២៣​នាក់​) អ្នកស្លាប់​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ១៤៦​នាក់ ខេត្តកំពង់ធំ ៦០​នាក់ និង​ខេត្តកណ្ដាល ៥៩​នាក់​។​

​ដោយឡែក​មូលហេតុ​នៃ​ការគ្រោះថ្នាក់​ចរាចរណ៍​មកពី បើកបរ​លើស​ល្បឿន​កំណត់​៣៣% មិន​គោរព​សិទ្ធិ​២៣% មិន​ប្រកាន់​ស្គាំ​១៤% វ៉ា​ជែង​១០% បត់​១០% ស្រវឹង​៦% កត្តា​យានយន្ដ​៤% និង​ងងុយ​១%​។ បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៩ គ្រោះថ្នាក់​ថយ​ចំនួន ៥៥២​លើក ស្មើ​២៥% (១.៦១៩/២.១៧១​លើក​) ស្លាប់​ថយ​ចំនួន ១៧២​នាក់​ស្មើ​១៧% (៨៦១/១.០៣៣​នាក់​) និង​របួស​ថយ​៧៧៨​នាក់ ស្មើ​២៤% (២.៤៤៩/៣.២២៧​នាក់​)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close