ជប៉ុន សន្យាថា នឹង​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍ នៅ​កម្ពុជា​

​ភ្នំពេញ​៖ សមាគម​ពាណិជ្ជកម្ម​ជប៉ុន​ប្រចាំ​កម្ពុជា (JBAC) ដែលមាន​ក្រុមហ៊ុន​ជា​សមាជិក​ចំនួន ២៧០​ក្រុមហ៊ុន ស្ថិតក្នុង​ដៃ​នោះ កំពុងតែ​សម្លឹង​រកមើល​ទីតាំង​មួយចំនួន​នៅ​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍ ដោយ​ពួកគេ​ជឿជាក់ថា កម្ពុជា​នៅតែ​ជា​គោលដៅ​វិនិយោគ និង​ទេសចរណ៍​ដែលមាន​សុវត្ថិភាព​ខ្ពស់​។​

​ការបញ្ជាក់​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​ប្រតិភូ​វិនិយោគិន​ជប៉ុន​ដែល​ដឹកនាំ​ដោយ​លោក ខាន់​ដា យ៉ូ​ហ្គោ (KANDA Yogo) ប្រធាន​សមាគម​ពាណិជ្ជកម្ម​ជប៉ុន​ប្រចាំ​កម្ពុជា និង​ជា​អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​សាជីវកម្ម​មី​ត​ស៊ុយ​ប៊ី​ស្សី (Mitsubishi Corporation) នា​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​នាឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញ​ពី​សភាពការណ៍​ថ្មីៗ ក៏ដូចជា​ការវិវត្ត​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា នា​កំលុងពេល​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ កម្ពុជា​ទទួលបាន​កំណើន​ទេសចរ​ក្នុងស្រុក​ច្រើនឡើងៗ ខណៈ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​នៅតាម​មុខព្រួញ​នៃ​ប្រតិបត្តិការ​ទេសចរ​ណ៍ ក៏​កំពុង​យកចិត្តទុកដាក់​ខ្ពស់​នៅ​ទូទាំងប្រទេស ពិសេស​នៅតាម​មូលដ្ឋាន​អាជីវកម្ម​សំខាន់ៗ​ចំនួន ៦ រួមមាន​៖ រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ មូលដ្ឋាន​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​គោក មូលដ្ឋាន​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​ទឹក មូលដ្ឋាន​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ មូលដ្ឋាន​សេវាកម្ម​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ឱ្យដល់​សមាគម JBAC ជួយ​រៀបចំ​ផែនការ​ទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ពី​ប្រទេស​ជប៉ុន​បន្ថែម​ផងដែរ ពីព្រោះ​លោក​ជឿថា ការងារ​ទាំងនេះ​មិនអាច​ពឹង​តែ​ទៅលើ​សមាគម​ឱ្យធ្វើ​តែម្នាក់ឯង​នោះឡើយ វា​ចាំបាច់​ត្រូវឱ្យ​កម្ពុជា​ខិតខំ​ជួយ​ធ្វើ​រួមគ្នា​ដែរ ដូច្នេះហើយ​ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹមថា JBAC នឹង​ជួយ​ក្នុង​កិច្ចការងារ​នេះ​។​

​មួយវិញទៀត ឯកឧត្តម​បណ្ឌិត ថោង ខុន បានស្នើ​ដល់​សមាគម​ពាណិជ្ជកម្ម​ជប៉ុន​ប្រចាំ​កម្ពុជា​បន្ត​គាំទ្រ​យុទ្ធនាការ «​កម្ពុជា​ស្អាត​» ដែល​ក្រសួងទេសចរណ៍​បាននិងកំពុង​ធ្វើ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ២០២៣ ពីព្រោះ JBAC ក៏​ធ្លាប់បាន​ជួយ​ក្រសួងទេសចរណ៍ និង​មាន​គម្រោង​ក្នុង​កិច្ចការ​នេះដែរ​។​

​លោក ខាន់​ដា សន្យាថា​នឹង​ពង្រឹង​កិច្ចសហការ​ក៏​ល្អ​នេះ​ជាមួយ​កម្ពុជា​បន្តទៅ​មុខ​ទៀត ដើម្បី​ជំរុញ​វឌ្ឍនភាព​លើ​វិស័យ​ទេសចរណ៍ និង​វិនិយោគ​នៃ​ប្រទេស​មិត្ត​ទាំងពីរ ដោយ​អ្វីៗ​ទាំងអស់​ខាងលើនេះ សុទ្ធតែ​សង្ឃឹមទុក​នៅពេល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ រលាយ​រលត់​ចេញ​ផុតពី​ភពផែនដី​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close