កសិករម្នាក់ ដាំបន្លែក្នុងរោងសំណាញ់ រកចំណូល៥លានរៀល ក្នុងមួយឆ្នាំ
ខេត្តកណ្តាល៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យផលិតកម្មបន្លែសុវត្ថិភាព (ការដាំ ប្រមូលផល និងការប្រមូលទិញតាមកិច្ចសន្យា) របស់លោក ផៃ ប្រុស ម្ចាស់ចំការ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
លោក ផៃ ប្រុស ដែលជាម្ចាស់ចំការខាងលើ បានឲ្យដឹងថា បច្ចុប្បន្នលោក មានរោងសំណាញ់៦រោង ដោយនីមួយៗ មានទំហំ ១០មx៣៥ម ក្នុង១ឆ្នាំ ដាំបានពី៥-៦សារ រោងនីមួយៗប្រមូលផល ១,៥តោន ទូទាត់ថ្លៃដើមរួច បានចំណូល ៥លានរៀល។ លោក ថា បច្ចុប្បន្នលោកបានចុះកិច្ចសន្យាដាំបន្លែផ្គត់ផ្គង់ឲ្យឈ្មួញយកទៅទីផ្សារនៅរាជធានីភ្នំពេញផងដែរ។
ជាមួយគ្នា ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទីផ្សារ និងតម្លៃបន្លែសុវត្ថិភាពនឹងល្អប្រសើរឡើងជាលំដាប់ ដោយសារការពេញនិយមរបស់អ្នកបរិភោគ ដែលគិតគូពីសុខភាពជាចំបង។ ហើយអ្នកដាំ ក៏បានអនុវត្តតាមលក្ខណ: បច្ចេកទេស និងចុះកិច្ចសន្យាផ្គត់ផ្គង់ ដែលកិច្ចសន្យាអនុវត្តផលិតកម្មកសិកម្មនេះ បានផ្តល់បច្ចេកវិទ្យាកសិកម្មទំនើប ដូចជាដាំបន្លែក្នុងផ្ទះសំណាញ់ ប្រើប្រព័ន្ធដំណក់ និងសាច ប្រើប្រាស់ ជី និងថ្នាំកសិកម្មត្រឹមត្រូវតាមបច្ចេកទេស ចេះសន្សំ និងផលិតជី និងថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិ បានយកគោលការណ៍ស្តីពី “ការអនុវត្តកសិកម្មល្អ (GAP)” មកអនុវត្ត បានចងក្រងបណ្តុំអាជីវកម្មលក់ចែកចាយធាតុចូលកសិកម្ម និងបង្កើតសហគមន៍ផលិតបន្លែ។ល។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា កត្តាទាំងអស់នេះហើយ គឺជាដើមចមនៃកំណើនផលិតកម្ម ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច ប្រាក់ចំណូល និងនិរន្តរភាពនៃសេដ្ឋកិច្ចគ្រួសារ។ សុខភាពអ្នកផលិត ក្រុមគ្រួសារត្រូវបានកែលម្អបានល្អប្រសើរ គ្រួសាររីករាយ សប្បាយចិត្តចំពោះជីវភាពប្រចាំថ្ងៃ ជួបជុំគ្រួសារ មានសុភមង្គល ជាពិសេសពេញចិត្ត និងគាំទ្រចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។