កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងច័ន្ទន៍ក្រឹស្នា
មិនយូរទេ រោងចក្រចម្រាញ់ប្រេងច័ន្ទន៍ក្រឹស្នា ក្រោមការវិនិយោគរួមគ្នារវាងពាណិជ្ជករកម្ពុជា និងថៃ នឹងចេញជារូបរាងឡើង ហើយគេរំពឹងថា វានឹងជួយជម្រុញទីផ្សារផលិតផលខ្លឹមចន្ទន៍ក្រឹស្នានៅកម្ពុជា ហើយវាក៏នឹងបង្កើតឱកាសការងារសម្រាប់ប្រជាជនខ្មែរផងដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការបើកចំហរទីផ្សារច័ន្ទន៍ក្រឹស្នា និងបង្កើតរោងចក្រចម្រាញ់ប្រេងច័ន្ទន៍ក្រឹស្នា តាមបច្ចេកវិទ្យាទំនើប និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងគ្រប់គ្រងច័ន្ទក្រឹស្នារវាងក្រុមហ៊ុនកម្ពុជា-ថៃ ដែលរៀបចំឡើងកាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា រោងចក្រចម្រាញ់ប្រេងច័ន្ទន៍ក្រឹស្នាដំបូងគេនេះ នឹងជំរុញទីផ្សារសម្រាប់ផលិតផលខ្លឹមចន្ទន៍គ្រឹស្នានៅកម្ពុជា និងបង្កើតឱកាសការងារសម្រាប់ប្រជាជន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាល។
តាមការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ «ពាណិជ្ជកម្មច័ន្ទន៍ក្រឹស្នា មាននៅកម្ពុជាតាំងពីសម័យបុរាណ ហើយមានតម្រូវការខ្ពស់សម្រាប់ទីផ្សារនៃប្រទេសអារ៉ាប់។ បច្ចុប្បន្ន កម្ពុជាមានដើមច័ន្ទន៍ក្រឹស្នាប្រមាណជាង ១លានដើម ហើយផលិតផលដែលចម្រាញ់ចេញពីរោងចក្រថ្ងៃនេះ នឹងមានលក្ខណៈស្តង់ដារអន្តរជាតិ អាចឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុក និងពិភពលោក» ។
តាមរយៈអនុស្សរណៈស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងគ្រប់គ្រងច័ន្ទន៍ក្រឹស្នា រវាងក្រុមហ៊ុនធូបច័ន្ទន៍ក្រឹស្នាខ្មែរ និងក្រុមហ៊ុន First Capital Global (FCG) នៅក្នុងប្រទេសថៃ ក្រុមហ៊ុនទាំងពីរនឹងសហការពង្រឹងគុណភាព ព្រមទាំងបង្កើតរាល់គម្រោងនានា ទាក់ទងនឹងអាជីវកម្មខ្លឹមច័ន្ទគ្រឹស្នានៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនទាំងពីរ គ្រោងនឹងដាក់បញ្ចូលខ្លឹមច័ន្ទន៍គ្រឹះស្នាប្រហែល ១លានដើម សម្រាប់ដំណាក់កាលទី១ ដែលមានរយៈពេល ៩ខែ ដើម្បីកែច្នៃជាផលិតផលប្រេងច័ន្ទន៍ក្រឹស្នាដែលមានគុណភាពខ្ពស់ សំដៅប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសផលិតប្រេងច័ន្ទន៍ក្រឹស្នាដ៏ល្បីល្បាញ នៅលើឆាកអន្តរជាតិនាពេលអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។