កម្ពុជា-កូរ៉េ ប្រកាសចាប់ផ្តើមការចរចាជាផ្លូវការ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី
ភ្នំពេញ៖ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយលោកជំទាវ យូ ម្យូងហ៊ី (YOO Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ ដើម្បីប្រកាសការចាប់ផ្តើមការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។
សូមជម្រាបថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៩ មានប្រមាណ ១.០៣២ លានដុល្លាអាមេរិក មានការកើនឡើង ២៥៤% ធៀបនឹងឆ្នាំ២០០៩ ដែលមានប្រមាណ ២៩១ លានដុល្លាអាមេរិក។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងជាមធ្យមប្រមាណ ១៥% ក្នុងមួយឆ្នាំ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានបង្ហាញជំហរសុទិដ្ឋិនិយមនិងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ ដែលបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលពឹងផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័សបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។
ក្នុងនោះដែរ រដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់អំពីស្ថានភាពនិងការវិវត្តរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបានបញ្ចេញទស្សនៈរួមស្តីពីការបន្តគាំទ្រអង្គការពាណិជ្ជកម្មពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ប្រទេសជាសមាជិក ទាំងកំពុងអភិវឌ្ឍ និងអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជា ផងដែរ។
ជាមួយគ្នានេះដែរ ការងារចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលក្រសួងពាណិជ្ជកម្មបាននិងកំពុងអនុវត្តនេះ ស្របតាម “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា” និង “យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤” ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើពិពិធកម្មទីផ្សារ និងផលិតផលនាំចេញរបស់កម្ពុជាបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។