មនុស្ស​ជិត​៥​ម៉ឺន​នាក់ ស្លាប់​ដោយ​ផ្សែង​ពុល តាំងពី​ដើមឆ្នាំ​២០២០ ក្នុងប្រទេស​ចិន​

​ចិន​៖ ការបំពុល​ខ្យល់ ឬ​ផ្សែង​លាយ​អ័ព្ទ​ខ្លាំង​បាន​បង្ក​ឲ្យ​មនុស្ស​ប្រមាណ​៤៩០០០​បាន​ស្លាប់ ហើយ​ខាតបង់​សេដ្ឋកិច្ច​២៣​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ទីក្រុង​ធំៗ​ចំនួន​ពីរ របស់​ប្រទេស​ចិន គឺ​ក្រុង​ប៉េកាំង​និង​សៀង​ហៃ ចាប់តាំងពី​ថ្ងៃទី​១ មករា ២០២០​មក នេះ​បើតាម​ក្រុម​ស្រាវជ្រាវ​បរិស្ថាន​មួយក្រុម​ឈ្មោះថា CREA បង្ហាញ​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៩ កក្កដា ២០២០ ម្សិលមិញ ចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA ។​

​ឧបករណ៍​តាម​អន​ឡាញ បង្កើតឡើង​ដោយ CREA ឬ​មជ្ឈមណ្ឌល​សម្រាប់​ការស្រាវជ្រាវ​លើ​ថាមពល​និង​ខ្យល់​ស្អាត​បាន​ស្រាវជ្រាវ​ពី​បញ្ហា ផ្សែង​ក្នុង​ទីក្រុង​ធំៗ​ចំនួន​២៨ ទូទាំង​ពិភពលោក ដោយ​យក​គំរូ​តាម​កម្មវិធី​ស្រាវជ្រាវ បន្ទុក​ជំងឺ​ពិភពលោក​ឬ Global Burden of Disease ក្នុងការ​វាយតម្លៃ​លើ​ផលប៉ះពាល់​សុខភាព​។ ប្រភព​ថា កម្រិត​ផ្សែង​ពុល​មាន​ទំនាក់ទំនង​ជាមួយ​ប្រភេទ​ជំងឺ ដូចជា​ជំងឺ​បេះដូង មហារីក​សួត ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ជាដើម​។​

​ប្រភព​បញ្ជាក់ដែរថា សៀង​ហៃ​គឺជា​ក្រុង​មួយ​ដែលមាន​ខ្យល់ពុល​ខ្លាំង នាំ​ឲ្យ​មនុស្ស​២៧០០០​បាន​ស្លាប់ ខណៈដែល​ប៉េកាំង​មាន​ច្រើនជាង​២២០០០​នាក់​។​
​ជាមួយគ្នានេះដែរ បើ​យោងតាម​រដ្ឋាភិបាល​ចិន​បាន​ឲ្យ​ដឹងថា កម្រិត​ខ្យល់ពុល PM2.5 នៅ​ក្រុង​សៀង​ហៃ មាន​ខ្ពស់ជាង​នៅ​ក្រុង​ប៉េកាំង ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២០​មកនេះ​។

​យ៉ាងណាក៏ដោយ បញ្ហា​ផ្សែង​ពុល​នៅ​ប្រទេស​ចិន​បាន​ធ្លាក់ចុះ នៅ​ឆ្នាំ​២០២០​នេះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ធ្លាក់ចុះ​ច្រើន ព្រោះតែ​ការបិទ​តំបន់​នានា បន្ថយ​សកម្មភាព​ចរាចរណ៍ និង​សកម្មភាព​ឧស្សាហកម្ម​៕​

A man wearing a face mask to protect against the spread of the new coronavirus walks through the central business district in Beijing, Thursday, July 9, 2020. (AP Photo/Mark Schiefelbein)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close