ការផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រារួមគ្នា នឹងគ្រោងដាក់ឱ្យដំណើរការ ក្នុងខែកញ្ញា ខាងមុខនេះ
ភ្នំពេញ៖ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អំពីកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធផ្ទេរកម្មសិទ្ធិយានជំនិះរួមគ្នា និងពិនិត្យទៅលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពី បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និង នាយកដ្ឋានព័ត៌មានវិទ្យានិងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជំនួបប្រជុំពិភាក្សានេះ ក្នុងគោលបំណងដើម្បីពិនិត្យទៅលើលំហូរនីតិវិធីក្នុងការផ្តល់សេវាផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិយានជំនិះរួមគ្នា ប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន តភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យារបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងដាក់ពាក្យផ្ទេរកម្មសិទ្ធិយានជំនិះ បង់សេវា និងបង់ពន្ធប្រថាប់ត្រា ក្នុងពេលតែមួយ នៅទីតាំងផ្តល់សេវាតែមួយ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានលឿនរហ័ស កាត់បន្ថយពេលវេលា និងនីតិវិធីស្មុគស្មាញក្នុងការផ្តល់សេវាផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រា។
សូមជម្រាបជូនថា ការផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រា នឹងត្រូវបានអនុវត្តនៅកន្លែងតែមួយ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយប្រជាពលរដ្ឋអាចធ្វើការដាក់ពាក្យ ONLINE តាមរយៈគេហទំព័រ vehicle.mpwt.gov.kh ឬអាចមកកាន់ទីតាំងផ្តល់សេវាផ្ទាល់ដើម្បីមន្ត្រីជំនាញធ្វើការបំពេញសំណុំបែបបទជូន រួចធ្វើការបងប្រាក់សេវាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នីតិវិធីរួមនៃការផ្ទេរកម្មសិទ្ធិយានជំនិះនេះ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រោងសម្រេច ផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់ នៅក្នុងខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។