មន្ត្រីនគរបាលម្នាក់ ដកកាំភ្លើងបាញ់នារីស្លាប់ រួចបើករថយន្តគេចទៅបុករថយន្ត១គ្រឿងទៀត រងរបួសធ្ងន់
ខេត្តត្បូងឃ្មុំ៖ ករណីឃាតកម្មមួយ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីយប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខ KTV ហ្គោក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បណ្តាលឲ្យស្ត្រីម្នាក់ ស្លាប់ភ្លាមៗ រីឯជនដៃដល់រងរបួសធ្ងន់។
ករណីឃាតកម្មនេះ បង្កឡើងដោយមន្ត្រីនគរបាលខេត្តត្បូងឃ្មុំម្នាក់ ឈ្មោះ មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ បានបាញ់សម្លាប់នារីម្នាក់ឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ។ សាក្សីនិយាយថា បុរសជាមន្ត្រីនគរបាល បានដកកាំភ្លើងបាញ់ចេញពីរថយន្ត លោះជនរងគ្រោះជានារីខាងលើ ភ្លាមៗ ក៏បើករថយន្តគេចខ្លួន តែជ្រុលទៅបុករថយន្ត១គ្រឿងទៀត បណ្តាលឲ្យរងរបួសធ្ងន់ខ្លួនឯង។
សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ នៅមិនទាន់ដឹងថាជាអំពើប្រព្រឹត្តឡើងដោយគំនុំ ឬស្នេហាត្រីកោណ យ៉ាងណានោះទេ ពេលនេះកម្លាំងកំពុងចាត់ការតាមនីតិវិធី។ រីឯជនដៃដល់ ដោយស្ថានភាពធ្ងន់ធ្ងរពេទ្យបញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យកំពង់ចាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។