ស្គាល់​នៅ​! ភ្នំ​កំពង់ត្រាច ល្អាង​ព្រះ​និព្វាន និង​ល្អាង​ដទៃទៀត​!

ខេត្តកំពត​៖ កំពង់ត្រាច ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ដ៏​ល្អ​ឯក​នៅ​កម្ពុជា ភ្ញៀវ​អាច​ដើរលេង​ក្នុង​ល្អាង​ភ្នំ កំសាន្ត​នៅ​បឹង​លំ​ពូ ឬ​ជិះទូក​តាម​ព្រែក កំពង់ត្រាច ទៅដល់​សមុទ្រ នៅត្រង់ចំណុច​ដៃ​ព្រែក​អង្កោល​។ គឺ​ពិតជា​អស្ចារ្យ​ណាស់ និង​ជា​ឋាន​សួ​គិ៍​ពិត​ប្រាក​របស់​ដែនដី​សុវណ្ណ​ភូមិ​មួយ​នេះ បើ​អភិរក្ស​ភ្នំ បឹង និង​ព្រែក ហើយ​អភិវឌ្ឍន៍​សេវាកម្ម​ទេសចរណ៍​បានល្អ​។ មិនបាច់​ទៅលេង​ឯណា​ទៀត​ទេ គឺ​កម្ពុជា​ទឹកដី​អច្ឆរិយៈ នៅ​តំបន់​នេះ​រង់ចាំ​អ្នក​!

​ល្អាង​ព្រះ​និព្វាន មាន​រូបសំណាក​ព្រះពុទ្ធ​ចូល​និព្វាន​ធំ​មួយ កសាង​នៅ​ឆ្នាំ​១៩៦៣​។ អ្នកខ្លះ​ហៅ​ល្អាង​ឈើទាល (​មាន​ដើម​ឈើទាល​អាយុកាល​ពាន់​ឆ្នាំ​)​។ ក្នុង​ល្អាង​ព្រះ​និ​ពា្វ​ន​មាន​៖ ក្រ​ឡើ​ត​នាគ អណ្តើក​.​ស ស្បែក​ដំរី បំពង់​.​ក​.​នាគ ក្រពះ​នាគ លោកយាយ​ម៉ៅ ស្គរ​ហនុមាន ជួង​ហនុមាន ស្តេច​ដំរី​.​ស រូបចម្លាក់​ឋាន​តុសិត ស្គរ​ល្ខោន និង​សេនា​ព្រះភ័ក្ត្រ​៨​។​

​ល្អាង​ស្រែ​១០០ មាន​ស្តា​រឡាក់​មី​ត ដុះ​ឡើងលើ​ដូច​ទំនប់​ភ្លឺស្រែ និង​ប្រឡាយ​ជាច្រើន​។ ក្នុង​ល្អាង​នេះ មើល​ទៅលើ​នឹង​ឃើញ​គ្រែ​ធ្វើ​ពី​ឈើ​លាយ​ថ្ម​សៀត​ជាប់​លើ​ជញ្ជាំង​ល្អាង​។ បច្ចុប្បន្ន នៅ​ឃើញ​គ្រែ​។​

​ល្អាង​ខ្មោច​(​ពីមុន​ជា​ល្អាង​ប្រចៀវ តែ​សម័យ​ប្រល័យពូជសាសន៍ ប៉ុល ពត យក​មនុស្ស​ស្លូតត្រង់​ទៅ​សម្លាប់ចោល​ច្រើន​នៅ​ទីនោះ​។ បច្ចុប្បន្ន គេ​យក​ធាតុ​ចេញ​អស់ហើយ​។​

​នៅមាន​ល្អាង​ច្រើន​ទៀត និង​រូង​(​គេ​និយម​ទៅលេង និង​បួងសួង​)៖ ១)​រូង​តា​ឥសី មាន​អ្នក​សច្ច​: ឬ​តា​ឥសី​ទៅ​សំណាក់​ធម៌​។ ពេល​បុណ្យទាន អ្នកស្រុក​តែង​តំណាល​ថា មាន​គេ​យក​កន្ទេល និង​ចាន​ដាក់​នៅ​ទីនោះ ដើម្បីឱ្យ​អ្នកស្រុក​ខ្ចី​។​
២)​រូង​នាគ មាន​ថ្ម​រូបរាង​ដូច​សត្វ​នាគ​។ មើល​ពី​ក្រៅ​ថ្ម​នៅលើ​ល្អាង​ដូច​ក្បាល​នាគ​។​
៣)​រូង​ក្រពើ មាន​រូបរាង​ដូច​សត្វ​ក្រពើ​។​
៤)​រូង​ចំការមន ពីមុន​មាន​ចិន​ដាំ​ដើម​មន​នៅ​ទីនោះ ចិញ្ចឹម​កូន​នាង​ដើម្បី​ធ្វើ​សូត្រ​។​

​រូង​ក្នុង​ភ្នំ​កំពង់ត្រាច មាន​ប្រមាណ​១២០​រូង ដែល​គេ​សន្និដ្ឋានថា ជា​តំណាង​១២០ ជាតិ​សាសន៍​។​
​តាម​ព្រហ្មញ្ញសាសនា គេ​មាន​ជំនឿ​មក​បន់ស្រន់​នៅ​ភ្នំ​កំពង់ត្រាច​រហូតដល់​ស​ព្វ​ថ្ងៃ​។ មាន​រៀបចំ​ពិធីបុណ្យ​ប្រចាំ​ភូមិ ប្រណាំង​គោ និង​របាំ​នៅពេល​បុណ្យចូលឆ្នាំ ឬ បុណ្យ​ភ្ជំ​បិ​ណ្យ​។ ពីមុន ធ្លាប់ធ្វើ​ពិធី​សុំ​ទឹកភ្លៀង (​ឥឡូវ​អត់​ធ្វើ​)​។ មាន​វត្ត​១​ឈ្មោះ គិរី​សិលា សង់​នៅ​ឆ្នាំ​១៩៩១ ដោយ​ពុទ្ធ​បរិ​ស័​ទ្ធ​នៅ​ជុំវិញ​ភ្នំ​។​

​ភ្នំ​កំពង់ត្រាច ប្រហែលជា​ត្រូវបាន​កកើតឡើង​នៅ​ស័ក​ទី​២(​សម័យ​ដាយ​ណូ​ស័​រ​) នៃ​ប្រវត្តិ​កកើត​ផែនដី​។ តួ​ភ្នំ​ទាំងមូល​ជា​ប្រភេទ​ថ្មកំបោរ និង​លាយ​ថ្ម​ក្រា​នី​ត​ខ្លះ​នៅក្នុង​ល្អាង​។ ប្រជាជន​យក​ថ្ម​ក្រា​នី​តទៅ​ធ្វើ​ចាន​។ មាន​រោង​សិប្បកម្ម​ស្ថិតនៅ​ចំងាយ​ប្រមាណ​៥០០​ម ពី​ភ្នំ កិន​ថ្ម​ក្រា​នី​ត​ជា​ថ្ម​ស ឬ​ស្មា​កូត​សម្រាប់​យកទៅ​បៀក​ជញ្ជាំង ឬ​ដើម្បី​យកទៅ​ធ្វើ​ចាន​៕

     

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close