ពើងគំនូរ ជាចម្លាក់ថ្មភ្នំ កំពុងលាក់ខ្លួនក្នុងទឹកដីខេត្តសៀមរាប
ខេត្តសៀមរាប៖ ពើងគំនូរ គឺជាចម្លាក់ថ្មភ្នំ កសាងឡើងក្នុងសតវត្សរ៍ទី១១ នៅរាជធានីបុរាណនៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ក្នុងភូមិសាស្ត្រស្រុកស្វាយលើ ខេត្តសៀមរាប។ ពើងគំនូរ បានរំលេចពីរូបភាពដ៏អស្ចារ្យនៃស្នាដៃសិល្បៈរបស់បុព្វបុរសខ្មែរ កំពុងក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយ លាក់ខ្លួនក្នុងធម្មជាតិនៃតំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមសៀវភៅបញ្ជីសារពើភណ្ឌទីតាំងបុរាណស្ថានក្នុងដែនការពារ របស់ក្រសួងបរិស្ថាន ពើងគំនូរ ជាទីតាំងសំបូរដោយចម្លាក់ ដូចជាចម្លាក់ព្រះគណេសមានដៃ៨ ចម្លាក់លិង្គ៣ ចម្លាក់ព្រះវិស្ណុជិះគ្រុឌ ចម្លាក់ព្រះវិស្ណុផ្ទុំ ចម្លាក់វិស្ណូនិងព្រះឥសូរ រូបគំនូរពណ៌រូបត្រីប្រវែងប្រមាណ ១ម៉ែត្រមានពណ៌ក្រហមព្រៀលនិងមានផ្ទាំងសិលាចារឹក។
សិលាចារឹក១ផ្ទាំង ប្រហែលចារនៅសតវត្សទី១១ បានបង្ហាញថាពើងគំនូរជាទីតាំងរបស់ព្រះរាជគ្រូរបស់ព្រះមហាក្សត្រឈ្មោះថា «ព្រះសិវៈសោមៈ» ក្នុងនោះសិលាចារឹកក៏បានបង្ហាញពីព្រះបាទជ័យវរ្ម័នទី២ ក្នុងឈ្មោះជាមរណនាមថា «ព្រះបរមេស្វរៈ និងភ្នំមហេន្ទ្រ ភ្នំគូលែន»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។