រដ្ឋមន្ត្រីក្រសួងបរិស្ថាន បើកបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រង បរិស្ថាននិងធនធានធម្មជាតិ”
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រង បរិស្ថាននិងធនធានធម្មជាតិ” (ជំនាន់ទី៤)។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកនូវចំណេះដឹងអំពីបរិការណ៍ទូទៅ គោលនយោបាយ ភាពខ្លាំង បញ្ហាប្រឈមរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងប្រសិទ្ធភាពការងារនៃរដ្ឋបាលសាធារណៈ ការលើកកម្ពស់សមត្ថភាពស្ថាប័ន ការផ្តល់សេវាសាធារណៈ និងការកសាងរដ្ឋបាលទំនើប។
ឯកឧត្តមបានបន្តថា ក្នុងជំហានដំបូងនៃជីវិតជាមន្ត្រីរាជការ ត្រូវខិតខំពង្រឹងនូវសមត្ថភាព ដើម្បីមានឱកាសការងារ និងតួនាទីទៅមុខទៀត ជាពិសេសកំណត់អោយច្បាស់នូវគោលដៅជីវិតដែលត្រូវដើរ ប្រកាន់ខ្ជាប់នូវ តម្លៃមនុស្ស គុណធម៌ សីលធម៌ ភាពស្មោះត្រង់ចំពោះខ្លួនឯង សង្គម និងគ្រួសារ។
សូមជម្រាបថា វគ្គបណ្តុះបណ្តាល ស្តីពី “ការគ្រប់គ្រង បរិស្ថាន និងធនធានធម្មជាតិ” (ជំនាន់ទី៤) នេះ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ជូនមន្ត្រីរាជការ មន្ត្រីក្របខ័ណ្ឌឆ្នាំ២០១៩ និង២០២០ សរុប ៧២រូប ក្នុងនោះ មន្ត្រីរាជការនៅទីស្តីការក្រសួងចំនួន ៤៦រូប និងមន្ទីរបរិស្ថានរាជធានី-ខេត្ត ចំពោះចំណេះដឹង និងឯកទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។