រកឃើញអ្នកកើតជំងឺកូវីដ១៩ថ្មី ៩នាក់បន្ថែមទៀត ជាករណីនាំចូលពីប្រទេសអារ៉ាប៊ីសាអូឌីត

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៩នាក់ថ្មីបន្ថែមទៀត ដែលជាករណីនាំចូលពីប្រទេសអារ៉ាប៊ីសាអូឌីត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកទើបរកឃើញកើតមានជំងឺកូវីដ១៩នេះ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ។ អ្នកជំងឺទាំង៩នាក់នេះ ត្រូវបានពិនិត្យរកឃើញជំងឺកូវីដ១៩ កាលពីថ្ងៃទី១៣ ខែកក្កដាម្សិលមិញ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។
ក្រសួងសុខាភិបាល បញ្ជាក់ថា បុរសទាំង០៩នាក់ខាងលើ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី និងបានបន្តជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧:២៥នាទីល្ងាច។
រីឯអ្នកដំណើរចំនួន៧០នាក់ ដែលធ្វើដំណើរតាមជើងហោះហើរជាមួយអ្នក វិជ្ជមានវីរុសកូវីដ-១៩ កំពុងត្រូវបានបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជំពូរវ័ន្តមួយ ក្នុងរាជធានីភ្នំពេញ។ ក្នុងចំនួនអ្នកដំណើរ ៨០នាក់ ដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺកូវីដ-១៩ សរុបមានបុរសចំនួន២៤នាក់ ដែលបច្ចុប្បន្នកំពុងសម្រាក ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នេះ កម្ពុជារកឃើញមានអ្នកមានជំងឺកូវីដ១៩ សរុបចំនួន១៦៥នាក់ (ស្ត្រី ៤០នាក់ និងបុរស ១២៥នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ១៣៣នាក់ (ស្រី៣៩នាក់ និងបុរស៩៤នាក់) និង អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋមានចំនួន៣២នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។